អត្ថបទថ្មីៗ
recent

សញ្ញាទាំង ៨ ដែលបញ្ជាក់ថានរណាម្នាក់កំពុងតែស្ត្រេសខ្លាំង (អ្នកអាចមិនដឹងខ្លួន)

 សញ្ញាទាំង ៨ ដែលបញ្ជាក់ថានរណាម្នាក់កំពុងតែស្ត្រេសខ្លាំង (អ្នកអាចមិនដឹងខ្លួន)


"ស្ត្រេសអាចជះឥទ្ធិពលដល់ជីវិតរបស់អ្នកស្ទើរគ្រប់យ៉ាង រួមបញ្ចូលទាំងអារម្មណ៍ អាកប្បកិរិយា សមត្ថភាពនៃការគិត និងសុខភាពរាងកាយ។ គ្មានចំណែកណាមួយនៃរាងកាយរបស់អ្នកដែលអាចស៊ូទ្រាំនឹងជម្ងឺបានយូរនោះទេ... ប្រសិនបើការស្ត្រេសនេះនៅតែកើតមានបន្ត វាអាចក្លាយជាជម្ងឺរ៉ាំរ៉ៃ ដែលអាចបណ្តាល ឬធ្វើឲ្យបញ្ហាសុខភាពរបស់អ្នកកាន់តែចុះខ្សោយ"។

មនុស្សភាគច្រើនទទួលយកការពិតដែលថា ស្ត្រេសគឺពិតជាជម្ងឺពិតប្រាកដមួយនៅក្នុងសង្គមបច្ចុប្បន្ននេះ។ យើងយល់ឃើញថា ជីវតរបស់យើងដែលដើរទៅមុខនេះ តែងតែជួបនៅស្ថានភាពតឹងតែងណាមួយមិនខាន។ មនុស្សជាច្រើន បានជួបនូវឧបសគ្គជាច្រើន នៅក្នុងជីវិតរបស់គេ។ ដូចអ្វីដែលយើងធ្លាប់បានជជែកវែកញែកពីមុន ស្ត្រេសបន្តិចបន្តួចក៏អាចជាផលល្អសម្រាប់ជីវិតយើងដែរ។ វាអាចជុំរុញឲ្យយើងធ្វើការងារបានសម្រេច និងអាចធ្វើឲ្យខ្លួនឯងក្លាយជាបុគ្គលដែលមានសក្តានុពលដែរ។ ប៉ុន្តែ ប្រសិនបើស្ត្រេសច្រើនលើសលុប និងបន្តយូរពេក វាអាចគំរាមកំហែងដល់សុខភាពផ្លូវក្លាយ និងផ្លូវចិត្តរបស់យើង។

ការពិត កម្រិតនៃការស្ត្រេសឡើងកាន់តែខ្ពស់ គឺរាងកាយរបស់យើងអាចដឹង។ នៅពេលវាស្ថិតនៅក្នុងស្ថានភាពតក់ស្លុត ខួរក្បាលនឹងបញ្ចេញនូវអរម៉ូនអាដ្រេណាលីន និងកូទីសូល (ឬហៅថា "អរម៉ូនស្ត្រេស") ទៅក្នុងចរន្តឈាម។ នៅក្នុងស្ថានភាពធម្មតា និងនៅពេលមានការគំរាមកំហែងកើតឡើង អរម៉ូននេះ អនុញ្ញាតឲ្យយើង​បញ្ចេញមុខងារទៅទប់ស្កាត់ស្ថានភាពមិនចាំបាច់ ឬស្ថានភាពប៉ះពាល់ដល់យើង។ ឬអាចនិយាយម្យ៉ាងទៀតបានថា យើងអាចការពារទុកជាមុននូវស្ថានភាពទាំងនេះបាន។

ការដែលកើនឡើងខ្ពស់នៃអរម៉ូន អាដ្រេណាលីន និងកូទីសូល អាចប៉ះពាល់ជាសំខាន់ដល់គ្រប់ប្រព័ន្ធទាំងអស់នៅក្នុងរាងកាយរបស់យើង។ យោងតាម គ្លីនិកម៉ាយ៉ូ ការកើនឡើងនូវអរម៉ូនកូទីសូល នឹងបណ្តាលឲ្យហានិភ័យនៃបញ្ហាសុខភាពមួយចំនួនកើតឡើង ដូចជា ជម្ងឺថប់អារម្មណ៍ ជម្ងឺធ្លាក់ទឹកចិត្ត បញ្ហារំលាយអាហារ ឈឺក្បាល ជម្ងឺបេះដូង បញ្ហាដំណេក ការឡើងទម្ងន់ និងការថយចុះការចងចាំ និងការផ្តោតអារម្មណ៍។

សញ្ញាទាំង ៨ នេះអាចបង្ហាញថា អ្នកកំំពុងតែស្ត្រេសខ្លាំង៖

១. ឈឺក្បាល

អត្ថបទនេះបញ្ជាក់ថា ការឈឺក្បាល គឺងាយនឹងកើតឡើង នៅពេលដែលកំពុងប្រឈមនឹងសម្ពាធខ្លាំង។ លើសពីនេះទៀត ស្ត្រេស គឺជាហេតុផលទីមួយនៃសម្ពាធដែលបណ្តាលឲ្យឈឺក្បាល។ ជាទូទៅ ជម្ងឺឈឺក្បាលដែលកើតចេញពីការមានសម្ពាធ អាចបណ្តាលឲ្យឈឺជាមធ្យម ឬតិចៗនៅនឹងក្បាល គ និងក្រោយគ្រាប់ភ្នែក។ ​វាអាចបណ្តាលឲ្យមានជាជម្ងឺឈឺក្បាលប្រភេទផ្សេងទៀត រួមបញ្ចូលទាំង ជម្ងឺឈឺក្បាលប្រកាំង។

២. មានបញ្ហារំលាយអាហារ

នៅពេលដែលខួរបើកទ្វារអរម៉ូន ប្រព័ន្ធរំលាយអាហាររងនូវការភ្ញាក់ផ្អើល។ អ្នកជំនាញផ្នែកវេជ្ជសាស្ត្រ បានបង្ហាញពីទំានក់ទំនងរវាងខួរក្បាល និងប្រព័ន្ធរំលាយអាហារ ដែលអាចជួយក្នុងការពន្យល់ពីមូលហេតុដែលស្ត្រេសបណ្តាលឲ្យមានបញ្ហាប្រព័ន្ធរំលាយអាហារ។ ស្ត្រេសរ៉ាំរ៉ៃ អាចបណ្តាលឲ្យស្ថានភាពនេះកាន់តែអាក្រក់ទៅ ដូចជាជម្ងឺពោះ​វៀនឆាប់រងការប៉ះទង្គិច។

៣. មានជម្ងឺផ្តាសាយ ញឹកញាប់ និងងាយឆ្លងមេរោគ

ស្ត្រេស អាចបណ្តាលឲ្យប្រព័ន្ធឈាមរបស់យើង ដំណើរការលឿនខុសប្រក្រតី (ដោយសារចង្វាក់បេះដូងកើនឡើង)។ ឥទ្ធិពលសរីរវិទ្យានេះ រួមជាមួយនឹងការកើនឡើងនៃសម្ពាធឈាម អាចកម្រិតដំណើរការនៃប្រព័ន្ធភាពស៊ាំ។ ជាការពិតណាស់ វាធ្វើឲ្យសមត្ថភាពនៃប្រព័ន្ធភាពស៊ាំចុះខ្សោយក្នុងការស្វែងរក និងបន្សាបបាក់តេរីដែលបង្កជម្ងឺ និងភា្នក់ងារជម្ងឺដទៃទៀត។

៤. ឡើងទម្ងន់

បើទោះបីជា ប្រតិកម្មនៃជម្ងឺស្ត្រេស គឺជាប់ពាក់ព័ន្ធនឹងការឡើងទម្ងន់ មនុស្សមួយចំនួនតូច ក៏មានបញ្ហាទម្ងន់ឡើងចុះមិនទៀងទាត់ និងជួនកាលអាចស្រកទម្ងន់ផងដែរ។ កម្រិតនៃអរម៉ូន កូទីសូលកើនឡើង វាបណ្តាលឲ្យមានចំណង់អាហារ ជាពិសេសអាហារគ្មានប្រយោជន៍ ហើយវិវឌ្ឍទៅជាខ្លាញ់កើតឡើងនៅត្រង់ក្បាលពោះ។

៥. មានបញ្ហាក្រពះ

ដូចដែលបានលើកឡើង ប្រតិកម្មនៃជម្ងឺស្ត្រេស អាចបណ្តាលឲ្យប្រព័ន្ធរំលាយអាហារមានបញ្ហា។ ដូច្នេះ បញ្ហាក្រពះ គឺជាជម្ងឺដែលកើតមានឡើង ដែលអាចបញ្ជាក់ពីកម្រិតស្ត្រេសស្ថិតក្នងកម្រិតខ្ពស់។ ចង្អោរ ពិបាករំលាយអាហារ រមួលក្រពើ ឬឈឺ គឺជាជម្ងឺទាក់ទងនឹងក្រពះដែលជាឥទ្ធិពលនៃការស្ត្រេស។

៦. អស់កម្លាំង

ផ្លូវចិត្ត ផ្លូវគំនិត និងរាយកាយ អាចបណ្តាលឲ្យស្រេ្តសមករំខានដល់មុងារធម្មតារបស់រាងកាយបាន។ វត្តមានរបស់ស្ត្រេសនឹងបង្កើនភាពតានតឹង និងសម្ពាធនៅក្នុងរាងកាយ ដែលបណ្តាលឲ្យរាងកាយចុះខ្សោយឆាប់អស់កម្លាំង។

៧. ឈឺទ្រូង ឬញ័រទ្រូង

សម្ពាធប្រចាំថ្ងៃ អាចបណ្តាលឲ្យថប់អារម្មណ៍ ហើយការថប់អារម្មណ៍នេះនឹងបណ្តាលឲ្យមានជម្ងឺស្ត្រេស។ វដ្តផ្លូវចិត្តដ៏សោកសៅមួយនេះ អាចបណ្តាលឲ្យមានការតឹងទ្រូង និង/ឬការឈឺទ្រូង។ លើសពីនេះទៀត ការឈឺទ្រូង ជារឿយៗ ជារឿងដែលគួរឲ្យខ្លាច ហើយប្រតិកម្មនេះ កាន់តែធ្វើឲ្យមានភាពតានតឹង ឬស្រេ្តស។ ស្រេ្តសរ៉ាំរ៉ៃ ជាហានិភ័យមួយដែលបណ្តាលឲ្យមានជម្ងឺបេះដូង និងគាំងបេះដូង។ ការសិក្សាស្រាវជ្រាវថ្មីៗ ក៏ភ្ជាប់ការឆ្លើយតបនេះទៅនឹងយន្តការសម្រាប់ការកកឈាមដែលអាចបណ្តាលឲ្យមានបញ្ហាបេះដូងពីកម្រិតមធ្យម ទៅធ្ងន់ធ្ងរ។

៨. បាត់បង់ចំណង់ផ្លូវភេទ

ទាំងបុរស និងស្ត្រី ចំណង់ផ្លូវភេទ នឹងត្រូវបានរារាំងដោយសារជីវិតដ៏មមាញឹក។ ហេតុផលដ៏សាមញ្ញគឺថា ស្ត្រេសបានលួចយកសារធាតុគីមីក្នុងខួរក្បាលដែលទទួលខុសត្រូវក្នុងការជំរុញចំណង់ផ្លូវភេទ។ ជម្ងឺស្ត្រេសរ៉ាំរ៉ៃ អាចនាំឲ្យមានបញ្ហានៃការបញ្ចេញពងអូវ៉ុល ចំពោះស្ត្រី និងការថយចុះ ចំនួនមេជីវិតឈ្មោល និងការមានកូនចំពោះបុរស។

យោង៖ អត្ថបទនេះ បកប្រែចេញពី Link នេះ។

Sok Phalla

Sok Phalla

No comments:

Post a Comment

Powered by Blogger.