អត្ថបទថ្មីៗ
recent

វិធីសាស្ត្រដើម្បីក្លាយខ្លួនជាអ្នកធ្វើបទបង្ហាញដ៏ល្អ

វិធីសាស្ត្រដើម្បីក្លាយខ្លួនជាអ្នកធ្វើបទបង្ហាញដ៏ល្អ


ការដែលព្យាយាមចង់អោយការងាររបស់អ្នកធ្វើដំណើរទៅមុខ តែងតែទាក់ទងជាមួយនឹងការធ្វើបទបង្ហាញជានិច្ច។ សំណាងដែរ ដែលសព្វថ្ងៃមានប្រភពជាច្រើនអាចបង្រៀនអ្នកអោយក្លាយទៅជាអ្នកធ្វើបទបង្ហាញដ៏ល្អ ដូច្នេះអ្នកមិនចាំបាច់ប្រើវិធីសាស្ត្រដូចកូនក្មេងក្នុងការបញ្ចៀសភាពភ័យខ្លាចរបស់អ្នកទៀតទេ។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រទាំង ១២ ពីអ្នកដែលមានជំនាញវិជ្ជាជីវៈ ក្នុងការកំណត់ពីភាពខ្លាំង និងភាពខ្សោយរបស់អ្នក និងចំណុចដែលអ្នកត្រូវព្យាយាមបន្ថែម។ 

១. ត្រូវរៀនបង្កើតស្លាយ (Slide) អោយល្អ

តើអ្នកកំពុងតែព្យាយាមបញ្ចូលនូវពាក្យពេចន៍ និងក្រាហ្វិចជាច្រើនទៅក្នុងការធ្វើបទបង្ហាញរបស់អ្នកមែនទេ? បើដូច្នោះ អ្នកត្រូវតែធ្វើវាឡើងវិញអោយលឿនបំផុតតាមដែលអាចធ្វើទៅបាន។ ស្លាយសម្រាប់ធ្វើបទបង្ហាញដែលល្អ គឺជាស្លាយដែលមានសណ្តាប់ធ្នាប់ និងមានការរចនាគួរអោយទាក់ទាញ។ ជាទូទៅ ផ្នែកដែលសម្រាប់សរសេរពាក្យពេចន៍ គឺត្រូវប្រើអក្សរទំហំ ៣០។ ប្រសិនបើអ្នកសរសេរច្រើន ចឹងតើត្រង់ណាដែលបង្ហាញពីតួនាទីក្នុងការធ្វើបទបង្ហាញរបស់អ្នកនោះ? អ្នកដែលចូលរួមអាចអានអត្ថបទទាំងនោះដោយខ្លួនឯងនៅនឹងកន្លែងរបស់គេបាន។ អ្នកត្រូវបញ្ជូនសារតាមរយៈការប្រើប្រាស់ពាក្យសំដីដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នកចូលរួម។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតក្នុងការក្លាយខ្លួនជាអ្នកធ្វើបទបង្ហាញដ៏ល្អ ហើយអ្នកត្រូវតែរៀបចំវាអោយរួចជាស្រេចមុននឹងចាប់ផ្តើមធ្វើបទបង្ហាញរបស់អ្នក។ 

២. រៀបចំទុកជាមុន

ការដែលនិយាយថា អ្នកបានរៀបចំទុកជាមុន មានន័យថា អ្នកបានដឹងពីប្រធានបទដែលអ្នកត្រូវធ្វើបទបង្ហាញបានច្បាស់លាស់អស់ហើយ។ អ្នកដឹងពីប្រធានបទកាន់តែច្បាស់ អ្នកនឹងត្រូវការឯកសារសម្រាប់កត់ចំណាំកាន់តែតិច ហើយអ្នកកាន់តែងាយស្រួលក្នុងការនិយាយថែមទៀតផង។ ស្លាយត្រូវតែស្របជាមួយនឹងការធ្វើបទបង្ហាញរបស់អ្នក ហើយសូមធ្វើវាអោយស្រលះជៀសវាងការដាក់អ្វីមួយនៅជុំរិញរញ៉េរញ៉ៃ។ សូមទៅមើលបន្ទប់សម្រាប់ធ្វើបទបង្ហាញជាមុន ហើយពិនិត្យមើលថាតើឧបករណ៍សម្រាប់បញ្ចាំងស្លាយប្រើការបានដែរឬទេ ដើម្បីជៀសវាងនូវភាពអាម៉ាស់ណាមួយដែលបណ្តាលមកពីបញ្ហាផ្សេងៗបន្ទាប់ពីអ្នកចូលរួមរបស់អ្នកបានមកដល់។ 

៣. និយាយខ្លីៗដែលងាយយល់

ការធ្វើបទបង្ហាញដ៏ល្អ គឺដូចជាការសរសេរដ៏ល្អចឹង។ ការប្រើប្រាស់ពាក្យរបស់អ្នកកាន់តែងាយយល់ អ្នកដែលអាន ឬស្តាប់កាន់តែចាប់អារម្មណ៍ចំពោះអត្ថបទ ឬការធ្វើបទបង្ហាញរបស់អ្នក។ ហាត់សមនូវការធ្វើបទបង្ហាញអោយបានច្រើនរហូតដល់អ្នកអាចប្រើពាក្យពេចន៍ណាមួយដែលស្មុគស្មាញ និងងាយយល់សម្រាប់អ្នកចូលរួម។

៤. សូមកុំនិយាយពាក្យថាសុំទោសអោយសោះ

បើទោះបីជាអ្នកមានអារម្មណ៍ថាមិនស្រួលខ្លួនក៏ដោយ អ្នកមិនត្រូវសុំទោសអ្នកចូលរួមនោះទេ ព្រោះវាអាចធ្វើអោយពួកគេគិតថា ពួកគេនឹងទទួលបាននូវការធ្វើបទបង្ហាញដែលមិនល្អដូចអ្វីដែលគេបានរំពឹងទុកជាមិនខាន។ ប្រសិនបើអ្នកមាននូវរោគសញ្ញាមួួយចំនួន នោះវានឹងប្រាប់ទៅអ្នកចូលរួមដោយខ្លួនឯងហើយ។ តែប្រសិនបើអ្នកហាក់បីដូចជាមិនមានរោគសញ្ញាអ្វីសោះ តើមាននរណាមកខ្វល់ខ្វាយថាអ្នកមិនស្រួលខ្លួន ឬក៏អត់នោះ! គ្រាន់តែកុំនិយាយពាក្យមួយចំនួននៅពេលដែលអ្នកឡើងទៅដល់វេទិកាដូចជា "ថ្ងៃនេះខ្ញុំផ្តាសសាយ ប្រហែលជាមិនអាចធ្វើបទបង្ហាញអោយល្អទេ"។

៥. ត្រូវចេះកំប្លុកកំប្លែងខ្លះ

សូមលើកយកនូវរឿងកំប្លែងពីនេះពីនោះ ដើម្បីបង្កើនចំណាប់អារម្មណ៍របស់អ្នកស្តាប់។ អ្នកដែលធ្វើបទបង្ហាញដ៏ពូកែបំផុត ភាគច្រើនចាប់ផ្តើមជាមួយនឹងមធ្យោបាយក្នុងការលុបបំបាត់ភាពធុញទ្រាន់។ ប៉ុន្តែត្រូវតែប្រុងប្រយ័ត្នជាមួយនឹងរឿងកំប្លែងដែលអ្នកនិយាយ ព្រោះអ្នកក៏មិនចង់ធ្វើអោយប៉ះពាល់ដល់អារម្មណ៍របស់អ្នកស្តាប់របស់អ្នកដែរ។ សូមគិតពីការយល់ន័យនៃរឿងកំប្លែងរបស់អ្នក ហើយត្រូវធ្វើការសង្កេតតាមរយៈការក្រលេកមើលជុំវិញបន្ទប់ បើទោះបីជាអ្នកមិនបានស្គាល់អ្នកណាទាល់តែសោះក៏ដោយ តែការមើលនេះគឺដើម្បីអោយប្រាកដថា មិនមាននរណាម្នាក់មិនសប្បាយចិត្តនឹងពាក្យសំដីរបស់អ្នកនោះទេ។ អ្នកអាចលើករឿងកំប្លែងអោយត្រូវនឹងកាលៈទេសៈមួួចំនួនដោយនិយាយពីខ្លួនរបស់អ្នក តែមិនត្រូវនិយាយពីអ្នកចូលរួមរបស់អ្នកនោះឡើយ។ 

៦. កុំធ្វើតាមនរណាម្នាក់អោយសោះ

នេះគឺជាវិធីសាស្ត្រថ្មីមួយដែលគេបានណែនាំ គឺ "ត្រូវធ្វើជាខ្លួនឯង"។ ការដែលហ្វឹកហ្វាត់ខ្លួនអោយក្លាយជាអ្នកធ្វើបទបង្ហាញដ៏ល្អ គឺជាការរៀនធ្វើជាខ្លួនឯង ប៉ុន្តែនៅក្នុងលក្ខខណ្ឌណាមួយដែលបង្ហាញពីគុណតម្លៃរបស់អ្នក។ កុំព្យាយាមធ្វើតាមអ្នកណាម្នាក់អោយសោះ ព្រោះអ្នកមិនអាចធ្វើដូចគេគ្រប់កាលៈទេសៈនោះទេ។ អ្នកគួរតែព្យាយាមបញ្ចេញនូវភាពខ្លាំងរបស់ខ្លួនឯងវិញប្រសើរជាង។

៧. ដាក់អារម្មណ៍របស់អ្នកទៅលើអ្វីដែលអ្នកនិយាយ

ប្រសិនបើអ្នកមិនមានចំណាប់អារម្មណ៍ទាល់តែសោះទៅលើអ្វីដែលអ្នកកំពុងនិយាយ អ្នកកុំរំពឹងថាអ្នកស្តាប់របស់អ្នកនឹងមានចំណាប់អារម្មណ៍អោយសោះ។ ប្រសិនបើអ្នកចាប់អារម្មណ៍ខ្លាំងទៅលើប្រធានបទដែលអ្នកត្រូវធ្វើបទបង្ហាញ វាប្រាកដណាស់ អ្នកចូលរួមក៏នឹងមានចំណាប់អារម្មណ៍ទៅលើវាដូច្នោះដែរ។ ប្រសិនបើអ្នកគិតថាប្រធានបទនោះវាគួរអោយធុញទ្រាន់ អ្នកត្រូវតែរិះរកចំណុចបន្ថែមណាមួយដែលគួរអោយចាប់អារម្មណ៍ទៅលើវា ឬបើមិនដូច្នោះទេ អ្នកអាចប្តូរប្រធានបទតែម្តងក៏បានដែរ។

៨. ធ្វើអោយការធ្វើបង្ហាញនោះដំណើរការទៅតាមសម្រួល

អ្នកដែលធ្វើបទបង្ហាញដ៏ល្អ ដឹងពីវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហាដែលកើតឡើងដែលមិនបានរំពឹងទុកជាមុន។ តើកុំព្យូទ័ររបស់អ្នក ស្រាប់តែទាមទារការupdateភ្លាមៗបន្ទាប់ពីអ្នកបើកស្លាយក្នុងការធ្វើបទបង្ហាញមែនទេ? ទុកវាចោលនៅលើតុ អោយវាធើ្វការរបស់វាទៅ ហើយអ្នកគួរតែដើរតម្រង់ទៅកាន់អ្នកចូលរួម ហើយសួរនូវសំណួរមួួយចំនួនដែលទាក់ទងនឹងពួកគេផ្ទាល់ ឬក៏សួរថាហេតុអ្វីបានជាគេចាប់អារម្មណ៍នឹងការធ្វើបទបង្ហាញនេះក៏បានដែរ។ ម្យ៉ាងវិញទៀត អ្នកក៏អាចចំណាយពេល៥នាទីក្នុងការធ្វើអោយពួកគេដឹងខ្លះៗពីប្រធានបទដែលអ្នកនឹងត្រូវលើកមកបង្ហាញក៏បានដែរ។ 

៩. រៀនសម្តែង

ការរៀនសម្តែង ពិតជាជួយអ្នកបានច្រើនណាស់។ អ្នកនឹងបានដឹងថាពេលណាអ្នកត្រូវឈប់បន្តិច ឃ្លាណាដែលអ្នកត្រូវប្រើប្រាស់ ហើយនឹងកាយវិការណាដែលអ្នកត្រូវធ្វើនៅពេលធ្វើបទបង្ហាញ។  ការធ្វើបែបនេះ នឹងធ្វើអោយអ្នកមានភាពជឿជាក់លើខ្លួនឯងកាន់តែខ្លាំង ហើយភាពជឿជាក់នេះនឹងធ្វើអោយអ្នកផ្តោតសំខាន់ទៅលើពាក្យពេចន៍ដែលអ្នកនិយាយ ជាជាងទៅបារម្មណ៍ពីកាយវិការបែបណាដែលអ្នកត្រូវធ្វើ។ ការសម្តែងបន្តិចបន្តួចអាចជួយអោយអ្នកដើរទៅដល់ទីបញ្ចប់ តែកុំសម្តែងអោយខ្លាំងហួសហេតុពេក។

១០. ប្រាប់រឿងខ្លះៗទៅអ្នកដែលចូលរួម

អមជាមួយនឹងការសម្តែង ការប្រាប់ពីរឿងរ៉ាវមួយចំនួនអាចធ្វើអោយការធ្វើបទបង្ហាញរបស់យើងកាន់តែមានន័យ។ ពាក្យពេចន៍ដែលបានចម្រាញ់ចេញមកប្រកបដោយភាពប្រទាក់ក្រលាគ្នា គឺត្រូវបានអ្នកចូលរួមទទួលយក ជាជាងពាក្យពេចន៍ដែលនិយាយមិនដឹងដើមកន្ទុយ។ ប្រសិនបើអ្នកចង់ធ្វើបទបង្ហាញពីរបាយការណ៍ណាមួយ អ្នកគ្រាន់តែផ្ញើស្លាយតាមអ៊ីម៉ែលទៅបានហើយ។ ប៉ុន្តែប្រសិនបើអ្នកចង់ក្លាយជាអ្នកដែលធ្វើបទបង្ហាញដ៏ល្អ សូមពិចារណាពីឥទ្ធិពលនៃការប្រើប្រាស់ពាក្យសំដី ហើយលើកយករឿងរ៉ាវណាមួយរបស់អ្នកដែលទាក់ទងនឹងប្រធានបទទាំងនោះយកមកនិយាយ នោះអ្នកពិតជាអាចទាញចំណាប់អារម្មណ៍របស់អ្នកស្តាប់បានជាមិនខាន។

១១. ផ្លាស់ប្តូរសម្លេងនៃការនិយាយរបស់អ្នក

មនុស្សភាគច្រើនមិនចូលចិត្តសម្លេងរបស់ខ្លួនឯងទេ ប៉ុន្តែមានមនុស្សភាគតិចបំផុតដែលដឹងពីវិធីសាស្ត្រក្នុងការផ្លាស់ប្តូរសម្លេង និងចេះលើកដាក់សម្លេងរបស់ខ្លួនដើម្បីអោយមានការចាបអារម្មណ៍កាន់តែច្រើន។ វាជារឿងដែលអាចរៀនបាន ព្រោះមនុស្សគ្រប់គ្នាអាចរៀនពីវីធីគ្រប់គ្រងសំលេង ប្រសិនបើពួកគេដឹងថាពេលណាដែលត្រូវដកដង្ហើម និងវីធីក្នុងការបញ្ចេញសម្លេងអោយបានត្រឹមត្រូវ។ មេរៀនដែលទាក់ទងនឹងការបញ្ចេញសម្លេង នឹងបង្រៀនអ្នកអោយចេះប្រមូល និងបង្កើតពាក្យពេចន៍ ដឹងពីពេលវេលាដែលត្រូវដកដង្ហើម និងពេលវេលាដែលត្រូវសម្រាក។ អ្នកត្រូវនិយាយអោយបានច្បាស់ នៅពេលដែលអ្នកធ្វើបទបង្ហាញ ស្របជាមួយគ្នានោះដែរ អ្នកក៏ត្រូវចេះគ្រប់គ្រងខ្យល់សម្លេងរបស់អ្នកដែរ។

សូមចុចទីនេះដើម្បីចូលទៅមើលប្រភពដើមជាភាសាអង់គ្លេស







Sok Phalla

Sok Phalla

No comments:

Post a Comment

Powered by Blogger.