រឿងបីយ៉ាងដែលអ្នកត្រូវបោះបង់ចោល ប្រសិនបើអ្នកចង់គ្រប់គ្រងជីវិតរបស់អ្នកដោយខ្លួនឯង
ហេតុអ្វីបានជាអ្នកត្រូវគ្រប់គ្រងជីវិតដោយខ្លួនឯង?
រឿងដែលល្អបំផុតក្នុងជីវិតរបស់យើងគឺការទទួលបាននូវអ្វីដែលយើងមិនបានរំពឹងទុក។ ជួនកាល មនុស្ស និងឱកាសមួយចំនួនបានធ្លាក់មកលើដៃរបស់យើង ហើយវាអាស្រ័យលើយើង ថាតើយើងចង់យកវាប៉ុណ្ណាមកគ្រប់គ្រង។ ទោះបីយ៉ាងណាក៏ដោយ ដើម្បីទទួលបាននូវអ្វីជាច្រើនពីជីវិត និងដើម្បីរស់នៅដោយខ្លួនឯង វាជាការចាំបាច់ណាស់ដែលយើងត្រូវគ្រប់គ្រងទៅលើជោគវាសនារបស់ខ្លួនឯង។ វាគ្មានអ្វីដែលសប្បាយចិត្ត ជាជាងការដែលបានដឹងថា យើងបានជ្រើសរើសនូវផ្លូវជីវិតសម្រាប់ខ្លួនឯង ហើយបានដើរទៅតាមអ្វីដែលយើងចង់បាននោះទេ។តើអ្នកអាចធ្វើវាបានដោយរបៀបណា? ទាងនេះគឺអ្វីដែលអ្នកត្រូវបោះបង់ចោល ប្រសិនបើអ្នកចង់ទទួលបាននូវការគ្រប់គ្រងជីវិតរបស់ខ្លួនឯងឡើងវិញ៖
១. បោះបង់ចោលការរស់ដោយពឹងផ្អែកទៅលើការស្រឡាញ់ពីអ្នកដទៃ
នៅពេលណាដែលអ្នកពឹងផ្អែកទៅលើសេចក្តីស្រឡាញ់ពីនរណាម្នាក់ក្នុងការធ្វើអោយអ្នកមានអារម្មណ៍ល្អ អ្នកកំពុងតែអោយអ្នកដទៃកាន់កាប់ជីវិតរបស់អ្នកហើយ។ វាកំពុងតែបង្ហាញអោយឃើញថា ការដែលអ្នកប្រាប់ខ្លួនឯងថាអ្នកមានសិទ្ធិទៅលើការស្រឡាញ់ និងការគ្រប់គ្រងខ្លួនឯង មិនទាន់គ្រប់គ្រាន់ទេ ដរាបណាអ្នកត្រូវការសេចក្តីស្រឡាញ់ពីអ្នកដទៃដើម្បីអោយខ្លួនឯងមានអារម្មណ៍ល្អនោះ។ នេះមិនមែនជាការរស់នៅដោយការគ្រប់គ្រងខ្លួនឯងនោទេ។ នៅពេលដែលអ្នកឈប់ពឹងលើរឿងទាំងនោះ អ្នកកំពុងតែយកស្វ័យភាពរបស់អ្នកត្រលប់មកវិញហើយ ហើយអ្នកអាចបញ្ជាខ្លួនឯងថាតើអ្នកមិនអីទេ ឬយ៉ាងណា បើទោះបីជាអ្នកដទៃធ្វើបែបណាដាក់អ្នកក៏ដោយ។
នៅពេលណាដែលអ្នកបោះបង់ចោលនូវការពឹងផ្អែកទៅលើអ្នកដទៃ វានឹងជួយបង្កើនថាមពលដល់អ្នកក្នុងការគិតនូវអ្វីដែលអ្នកចង់បានពីជីវិតអ្នក និងពីទំនាក់ទំនងរបស់អ្នក។ នៅពេលដែលអ្នកដឹងថាអ្នកនៅតែធម្មតា មានន័យថាអ្នកកំពុងគ្រប់គ្រងខ្លួនឯងហើយ។ អ្នកកំពុងតែនៅកន្លែងមួយដែលអ្នកអាចជ្រើសរើសថាតើនរណា ឬក៏អ្វីដែលអាចចូលមកក្នុងជីវិតរបស់អ្នក ដើម្បីធានាថាអ្នកមានសេចក្តីស្រឡាញ់ចំពោះខ្លួនឯងដើម្បីនិរន្តភាពនៃខ្លួនឯង។
២. បោះបង់ចោលការរំពឹងទុកដែលមិនពិតប្រាកដ
តើអ្នកជាមនុស្សញៀននឹងការងារហើយស្រមៃថាខ្លួនអ្នកស្ថិតនៅក្នុងស្ថានភាពមួយដែលពោរពេញដោយស្តង់ដារល្អឥតខ្ចោះឬ? ប្រហែលជាអ្នកកំពុងតែព្យាយាមធ្វើអ្វីគ្រប់យ៉ាងអោយល្អឥតខ្ចោះហើយមើលទៅ? តើអ្នកមានការស្រមើលស្រមៃ ឬរវើរវាយថាអ្នកនឹងបានទទួលជោគជ័យដូចវេទមន្តទៅលើអ្វីៗដែលអ្នកប៉ុនប៉ងឬ? វាគ្មានអ្វីខុសទេដែលចង់អោយមានការរីកចំរើននូវជំនាញរបស់អ្នក ហើយនឹងរៀននូវអ្វីដែលថ្មីនោះ។ ការជំនះលើខ្លួនឯងអាចធ្វើអោយជីវិតរបស់អ្នកកាន់តែសប្យាយរីករាយ និងស្រស់ស្រាយឡើង។ ប៉ុន្តែ ការដែលរំពឹងថាខ្លួនឯងនឹងស្ថិតនៅស្ថានភាពមួយដែលពោរពេញដោយភាពល្អឥតខ្ចោះ ជាឧទាហរណ៍មួយដែលធ្វើអោយខ្លួនឯងដើរទៅមុខមិនរួច ឬអាចនិយាយបានថា ការគិតនេះគឺខុសទំនង។ អ្នកនឹងចាប់ផ្តើមប្រាប់ខ្លួនឯងថា "ប្រសិនបើអ្នកមិនអាចទទួលបាននូវអ្វីដែលល្អបំផុតនោះទេ វាគ្មានប្រយោជន៍អ្វីដេលត្រូវព្យាយាមធ្វើវានោះទេ" និង "ប្រសិនបើខ្ញុំមិនចាប់ជំនាញមួយនេះអោយលឿនទេ ខ្ញុំមិនគួរនៅអោយទើសគេទេ"។ការគិតបែបនេះមិនបានជួយអោយអ្នកអាចគ្រប់គ្រងជីវិតរបស់អ្នកបានយ៉ាងល្អប្រសើរនោះទេ។ តែផ្ទុយទៅវិញ វានឹងធ្វើអោយអ្នកមានអារម្មណ៍គួរអោយសង្វេគទៅលើធម្មជាតិនៃការចង់បានភាពល្អឥតខ្ចោះរបស់អ្នកជាមិនខាន។ ព្យាយាមពេញចិត្តទៅលើបទពិសោធន៍ដែលយើងបានទទួលនូវអ្វីដែលថ្មីៗ ជាជាងការគិតថាតើអ្នកបានទទួលជោគជ័យលើវាដែរឬទេ។
៣. បោះបង់ចោលការស្តីបន្ទោសខ្លួនឯងលើអ្វីដែលអ្នកបានធ្វើខុស
អ្នកគ្រប់គ្នាសុទ្ធតែមានកំហុស។ វាគឺជារឿងពិត។ ទោះបីជាអ្នកដែលទទួលបានការកោតសរសើរពីអ្នកដទៃធ្លាប់បានឆ្លងកាត់នូវកំហុសជាច្រើននៅក្នុងជីវិតរបស់ពួកគេ។ ដើម្បីធ្វើអោយជីវិតរីកចំរើន អ្នកត្រូវតែហ៊ានប្រថុយ ហើយជាមួយនឹងការប្រថុយនេះ អ្នកត្រូវទទួលស្គាល់ថាវាអាចនឹងបរាជ័យ។ ជាអកុសល វាជាការងាយស្រួលដែលធ្វើអោយយើងគិតច្រើនទៅលើអ្វីដែលយើងបានធ្វើខុស និងអ្វីដែលយើងគួរ ឬអាចដើរផ្លូវផ្សេង។ ប្រសិនបើអ្នកចង់បាននូវការគ្រប់គ្រងខ្លួនឯងត្រលប់មកវិញ ហើយអាចក្រលេកមើលទៅអនាគតជាមួយនឹងការគិតដែលវិជ្ជមាន អ្នកគួរតែឈប់បន្ទោសខ្លួនឯងទៅលើអ្វីដែលអ្នកធ្លាប់បានធ្វើខុសកន្លងមក។ សួរខ្លួនឯងថាអ្នកបានរៀនអ្វីខ្លះពីកំហុសទាំងនោះ បន្ទាប់មកត្រូវសំលឹងមើលអនាគតជាមួយនឹងការប្តេជ្ញាចិត្តដ៏មោះមុត។
សរុបសេចក្តី
វាមិនមែនជារឿងងាយស្រួលទេក្នុងការគ្រប់គ្រងខ្លួនឯង ដូច្នេះហើយទើបមានមនុស្សជាច្រើនដែលជាប់គាំងជាមួយនឹងការរំពឹងទៅលើអ្នកដទៃ ការរំពឹងមិនពិតប្រាកដលើខ្លួនឯង និងវិប្បសារីរាប់សែនលាន។ ប៉ុន្តែ ការសម្រេចចិត្តដ៏មោះមុតក្នុងការរស់នៅក្នុងវិថីមួយថ្មីជាជំហានដំបូងក្នងការទទួលបានឡើងវិញនូវការគ្រប់គ្រង និងម្ចាស់ការលើខ្លួនឯង។
No comments:
Post a Comment