អត្ថបទថ្មីៗ
recent

មនុស្ស ១០ ប្រភេទដែលអ្នកគួរឈប់ទាក់ទង

មនុស្ស ១០ ប្រភេទដែលអ្នកគួរឈប់ទាក់ទង


មនុស្សដែលកំពុងមានទំនាក់ទំនងជាមួយអ្នកអាចជាមនុស្សដែលជួយលើកទឹកចិត្តអ្នក ឬអាចជាមនុស្សដែលជាន់ពន្លិចអ្នក ដូច្នេះសូមជ្រើសរើសពួកគេដោយប្រុងប្រយ័ត្ន។ (Hans Hensen)
 តើវាជាពេលវេលាដែលអ្នកត្រូវជម្រះចេញនូវមនុស្សមួយចំនួនដែលចូលមកក្នុងជីវិតរបស់អ្នក ជាអ្នកស្គាល់គ្នាធម្មតា ជាមិត្តរួមការងារ ឬមិត្តភ័ក្តហើយមែនទេ? ប្រហែលជាមានមនុស្សមិនល្អនៅក្នុងចំណោមពួកគេដែលធ្វើអោយប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នក ក្បត់នូវភាពជឿជាក់របស់អ្នក ហើយយករឿងមិនល្អរបស់អ្នកទៅនិយាយប្រាប់អ្នកដទៃ។ វាជាការពិតដែលមនុស្សគ្រប់គ្នាមិនអាចរស់នៅដាច់តែឯងបានទេ ព្រោះយើងជាសត្វដែលរស់នៅក្នុងសង្គម។ យើងត្រូវការការសង្គ្រោះ ក្តីអាណិតមេត្តា និងការមើលមកនូវក្នុងផ្លូវល្អ ដើម្បីអាចរស់នៅនៅក្នុងសង្គមបាន។ ដើម្បីជៀសផុតពីរឿងមិនល្អទាំងនេះ សូមបញ្ឈប់ ឬកាត់បន្ថយទំនាក់ទំនាក់ទំនងជាមួយនឹងមនុស្សទាំង១០ប្រភេទនេះតាមដែលអាចធ្វើទៅបាន។

១. មនុស្សដែលចូលចិត្តធ្វើអោយខាតពេលវេលារបស់អ្នក

អ្នកទាំងនេះអាចជា សមាជីកគ្រួសារ ឬមិត្តភក្តិរបស់អ្នក ដែលតែងតែលួចពេលវេលារបស់អ្នក ប្រៀបដូចចោរដែលប្លន់ធនាគារ! អ្នកប្រហែលជាបានលឺខ្លះៗហើយកាលពីមុន។ ពួកគេចូលចិត្តនិយាយរឿងដដែលៗ ហើយវាគ្មានអ្វីថ្មីដែលអ្នកអាចទទួលបានទាល់តែសោះ។ មិត្តភាពគឺត្រូវការ ការផ្តល់អោយ និងការទទួលមកវិញ។ 

នៅពេលណាមួយដែលអ្នកប្រាកដថា ពួកគេមិនត្រូវការសូម្បីតែការជួយរបស់អ្នក ឬក៏មិនអាចជួយអ្វីអ្នកត្រលប់មកវិញ វាប្រហែលជាដល់ពេលដែលអ្នកត្រូវកាត់បន្ថយទំនាក់ទំនង ឬក៏បញ្ឈប់ការទាក់ទងជាមួយគេហើយ។ ពួកគេនឹងធ្វើអោយអ្នកខាតពេលវេលាកាន់តែច្រើន ប្រសិនបើអ្នកមិនធ្វើបែបនេះ!

ទោះបីជាយ៉ាងណាក៏ដោយ វាមិនអាចទៅរួចទេដែលទៅបញ្ឈប់ទំនាក់ទំនងជាមួយនឹងសមាជិកគ្រួសាររបស់អ្នកនោះ។ ដូច្នេះអ្នកអាចរកវិធីសាស្ត្រណាមួយផ្សេងដូចជា បិទទូរសព្ទរបស់អ្នកនៅពេលវេលាណាមួយ ឬធ្វើពុតជាមានអ្នកផ្ញើសារមក ឬមានអ្នកខលមកពេលនិយាយជាមួយពួកគេ។ យើងទាំងអស់គ្នាសុទ្ធតែត្រូវការពេលវេលាផ្ទាល់ខ្លួន។
ខ្ញុំគិតថា វាពិតជាមានផាកសុខភាពណាស់ក្នុងការចំណាយពេលនៅតែម្នាក់ឯង។ អ្នកត្រូវតែដឹងថា ពេលណាដែលអ្នកត្រូវការនៅម្នាក់ឯងដោយមិនមានការរំខានពីអ្នកដទៃ។ (Oscar Wilde)

២. មនុស្សដែលចូលចិត្តរិះគន់អ្នកញឹកញាប់ពេក 

វាគ្មានអ្វីខុសទេជាមួយនឹងការបង្ហាញពីការរិះគន់ត្រង់ៗ និងត្រឹមត្រូវ។ ប៉ុន្តែនៅពេលណាដែលអ្នករកឃើញថា ពួកគេរិះគន់អ្នកមិនឈប់ឈរ វាប្រហែលជាដល់ពេលដែលអ្នកត្រូវចាត់ការហើយ។ នៅពេលដែលការរិះគន់មិនមែនក្នុងន័យស្ថាបនា អ្នកគួរតែអោយគន្លឹះគេដឹងខ្លះៗថា គេនឹងបាត់បង់មិត្តដែលនៅសល់ម្នាក់នេះទៀតហើយ។ 

អ្នកអាចប្រាប់គេថា ការរិះគន់មិនឈប់មិនឈររបស់គេមិនអាចជួយអ្វីអ្នកបានទេ ហើយវាថែមទាំងបានធ្វើអោយអ្នកមិនសប្បាយចិត្តទៀតផង។ 

៣. អ្នកដែលចូលចិត្តដើរតួជាជនរងគ្រោះគ្រប់ពេល

នេះគឺជាជំនាញក្នុងការលែងល្បែងទំលាក់កំហុសសុទ្ធសាធ។ ពួកគេមិនដែលទទួលយកនូវភាពខ្វះខាត ឬកំហុសនោះឡើយ។ ពួកគេតែងតែធ្វើជាជនរងគ្រោះ ហើយតែងអះអាងថាកំហុសគ្រប់យ៉ាងមិនមែនជារបស់ពួកគេនោះទេ! វាជានិច្ចកាលមើលទៅហាក់បីដូចជាកំហុសនោះជារបស់មិត្តរួមការងារ ឬមកពីការចិញ្ចឹមបីបាច់ថែរក្សារបស់ឳពុកម្តាយគេ ដែលមិនដែលផ្តល់ឱកាសអោយពួកគេទាល់តែសោះ! 

ត្រូវតែជៀសអោយផុតពីមនុស្សប្រភេទនេះ ហើយក៏ត្រូវជៀសអោយផុតនៅពេលដែលគេព្យាយាមទាក់ទងអ្នក ព្រោះពួកគេប្រហែលជាមានគំនិតក្នុងការទាញអ្នកអោយធ្លាក់ចូលទៅក្នុងល្បែងទំលាក់កំហុសរបស់គេហើយ។

៤. មនុស្សដែលមានផ្នត់គំនិតអវិជ្ជមាន

មនុស្សប្រភេទនេះចូលចិត្តបន្សាយនូវភាពអរិជ្ជមាន ដូចជំងឺឆ្លងចឹង។ ព្យាយាមចាក់វ៉ាក់សាំងការពារដោយត្រូវជៀសវាងពីពួកគេអោយបាន។ មនុស្សប្រភេទនេះធ្លាក់ចូលទៅក្នុងរង្វង់ដែលអវិជ្ជមាន ហើយជាទូទៅពិបាកនឹងទាញចេញមកវិញណាស់។ ពួកគេជាប្រភេទមនុស្សដែលតែងតែឆាប់ភ័យខ្លាច ពូកែព្រួយបារម្ភ ពោរពេញដោយគំនិតទុទិដ្ឋិនិយម សោកសៅ និងរអ៊ូច្រើន។ 

អ្នកត្រូវតែជៀសអោយផុតពីពួកគេ ពីព្រោះប្រសិនបើអ្នកចង់រស់នៅអោយបានយូរ ការគិតក្នុងផ្លូវល្អទើបអាចពន្យាជីវិតអ្នក។ ការសិក្សាមួយបានរកឃើញថា ការដែលមានគំនិតជាវិជ្ជមាន អាចជួយអោយជីវិតអ្នកកើនរហូតដល់៧ឆ្នាំ។ 

៥. មនុស្សដែលក្រេវក្រោធ ហើយធ្វើអោយអ្នកអស់កម្លាំង

នេះជាប្រភេទមនុស្សដែលទាញយកនូវថាមពលរបស់អ្នក។ ហេតុអ្វីបានជាត្រូវទទួលយកនូវភាពឆ្កួតៗ និងការបញ្ចេញនូវអាកប្បកិរិយាដូចកូនក្មេងរបស់ពួកគេ? យើងទាំងអស់គ្នាសុទ្ធតែភាពលំបាករៀងៗខ្លួន។ ការគ្រប់គ្រងខ្លួនឯងនឹងសាកល្បងទៅលើកម្រិតនៃការអត់ទ្រាំរបស់យើង ហើយយើងតែងតែមានមធ្យោបាយក្នុងការគ្រប់គ្រងវាជានិច្ច។ ការដែលទ្រាំស្តាប់ពួកគេ ប្រហែលជាអាចជួយពួកគេបាន ប៉ុន្តែហេតុអ្វីបានជាអ្នកត្រូវទ្រាំធ្វើបែបនេះ?

មនុស្សដែលក្រេវក្រោធបែបនេះ គឺមានការវិវឌ្ឍន៍ខាងផ្នែកផ្លូវចិត្តមិនបានល្អ ហើយភាពវៃឆ្លាតក្នុងការគ្រប់គ្រងអារម្មណ៍របស់ពួកគេគឺស្ថិតនៅក្នុងចំនុចមួយដែលក្បែរសូន្យ។ វាមិនចាំបាច់អោយពួកគេចូលមកក្នុងចំណែកនៃជីវិតរបស់អ្នកនោះទេ។ 

ខ្ញុំនៅចាំរឿងមួយដែលខ្ញុំធ្លាប់ជួបប្រទះដោយផ្ទាល់ នៅពេលដែលខ្ញុំទៅពិនិត្យសុខភាព គឺលោកវេជ្ជបណ្ឌិតម្នាក់បានជេរ ស្តីបន្ទោស និងស្រែកខ្លាំងដាក់កូនប្រុសរបស់គាត់តាមទូរសព្ទ។ វាពិតជាចង្រៃណាស់ដែលបានលឺពាក្យទាំងនោះ។ មិនបាច់ចាំយូរ ខ្ញុំបានផ្លាស់ប្តូរវេជ្ជបណ្ឌិតភ្លាមៗតែម្តង។ 

៦. មនុស្សដែលគ្មានចិត្តអាណិតអាសូរអ្នកដទៃ

អ្នកមិនចាំបាច់មានមនុស្សប្រភេទនេះនៅក្នុងជីវិតរបស់អ្នក បើទោះបីដោយសារហេតុផលដែលគេមិនអាចសូម្បីតែយកត្រចៀកមកស្តាប់ ឬក៏មកគិតពីបញ្ហារបស់អ្នក នៅពេលដែលអ្នកត្រូវការពួកគេនៅក្បែរក៏ដោយ។ មនុស្សទាំងនេះអត្តចរិតរបស់ពួកគេមានបញ្ហាហើយ ហើយជួនកាលពួកគេចូលចិត្តបញ្ចេញចរិតខុសទំនងទៀតផង។ 

ពួកគេមិនមានសមត្ថភាពក្នុងការយល់ពីចិត្តរបស់អ្នកដទៃទេ។ នេះគឺជាគន្លឹះក្នុងការធ្វើការទំនាក់ទំនងនៅក្នុងសង្គម ដែលគេហៅថា សុជីវធម៌។ ទាំងនេះគឺជាមូលហេតុដែលអ្នកមិនចាំបាច់មានពួកគេនៅក្បែរនោះទេ។ 

សេចក្តីស្រឡាញ់ និងការអាណិតអាសូរគឺមានសារសំខាន់ណាស់។ បើគ្មានវាទេ មនុស្សមិនអាចរស់នៅបាននោះទេ។ (Dalai Lama)

៧. មនុស្សដែលមិនមានភាពស្មោះត្រង់ ហើយតែងតែកុហកអ្នក 

ការកុហកអាចធ្វើឡើងតាមរយៈការនិយាយ ឬតាមរយៈភាពស្ងៀមស្ងាត់។ (Adrienne Rich)
មិត្តភក្តិខ្លះចូលចិត្តស្បត់ថាមិនប្រាប់អ្នកណាទេ នៅពេលដែលយើងនិយាយរឿងសម្ងាត់អ្វីមួយប្រាប់។ នៅពេលដែលអ្នករកឃើញថា ព័ត៌មានទាំងនេះត្រូវបានអ្នកផ្សេងដឹង អ្នកប្រហែលជាខឹងខ្លាំង ហើយសម្រេចចិត្តបញ្ចប់មិត្តភាពជាមិនខាន។  ប៉ុន្តែ មនុស្សដែលមិនស្មោះត្រង់ និងចូលចិត្តកុហក អាចធ្វើអោយមានផលប៉ះពាល់ជាច្រើនផ្សេងទៀតមកលើយើង។ ពួកគេអាចកុហកអ្នកពីបំណុលរបស់ពួកគេ ឬថាពួកគេកំពុងមានបញ្ហានៅកន្លែងធ្វើការរបស់ពួកគេ។ ពួកគេអាចនឹងមិនបង្ហាញពីភាពស្មោះត្រង់ ឬនិយាយកុហកពីអ្វីដែលគេកំពុងគិតមកលើអ្នក នៅពេលដែលអ្នកសួរពួកគេពីយោបល់របស់ពួកគេចំពោះអ្នក។

មនុស្សទាំងនេះ អាចបំផ្លាញនូវមិត្តភាពម្តងហើយម្តងទៀត ព្រោះភាពស្មោះត្រង់ ការជឿទុកចិត្ត និងភាពជឿជាក់ជារបស់ដ៏មានតម្លៃបំផុតក្នុងចំណងមិត្តភាព។ ប្រសិនបើពួកគេធ្វើរឿងទាំងនេះ ពួកគេគ្មានតម្លៃនឹងបង្កើតចំណងមិត្តភាពជាមួយអ្នកនោះទេ។

៨. មនុស្សដែលពូកែនិយាយបំផ្លើសការពិត ហើយនិងចង់បំផ្លាញអ្នក

មានមនុស្សមួយចំនួនដែលយកអ្នកធ្វើជាឈ្នាន់ក្នុងការស្គាល់មនុស្សណាម្នាក់ ក្នុងការសម្ភាសការងារ ឬក្នុងការណាត់ជួបនរណាម្នាក់។ ពួកគេយកការនិយាយដើមជាអាវុធ ហើយតែងតែលាក់ទុកវាពីក្រោយខ្នងអ្នកជានិច្ច។ នៅពេលពួកគេចង់បានការងារណាមួយ គេត្រូវធ្វើអោយប្រាកដថាអ្នកមិនបានដាក់ពាក្យនោះទេ។ 

ពួកគេតែងតែប្រាប់អ្នកពីរឿងដ៏គួរអោយខ្លាចពីការងារ ចៅហ្វាយ និងប្រាក់ខែ។ ពួកគេតែងតែព្យាយាមកាត់បន្ថយអ្នកប្រកួតប្រជែងដើម្បីប្រយោជន៍ខ្លួនឯង។ 

មនុស្សដែលចូលចិត្តនិយាយបំផ្លើសការពិត ដឹងច្បាស់ពីវិធីក្នុងការទទួលបានព័ត៌មានពីអ្នក ឬក៏ធ្វើអោយអ្នកបង្ហាញចេញនូវភាពទន់ខ្សោយរបស់អ្នក ដើម្បីយកវាទៅធ្វើបាបអ្នក។ ពួកគេនឹងបំផ្លាញនូវសន្តានចិត្ត និងទំនាក់ទំនងក្នុងសង្គមរបស់អ្នក ហើយកំរនឹងផ្តល់នូវរឿងដែលមានប្រយោជន៍ដល់អ្នកណាស់។ អ្នកអាចចាប់ចំណុចពួកគេបាន ប្រសិនបើសង្កេតឃើញថា អ្នកតែងតែជាអ្នកផ្តល់អោយគេ ឬជាមនុស្សដែលតែងតែចំណាយលើរឿងគ្រប់យ៉ាង! មនុស្សប្រភេទនេះ អ្នកត្រូវតែជៀសវាងអោយបាន ព្រោះគេកំពុងតែប្រើប្រាស់អ្នក។

៩. មនុស្សដែលតែងតែធ្វើអោយអ្នកឈឺចាប់

មនុស្សប្រភេទេនេះ តែងតែមានវិធីសាស្ត្រជាច្រើនក្នុងការធ្វើអោយអ្នកពោរពេញដោយការឈឺចាប់។ វាអាចជាឪពុកម្តាយរបស់អ្នកដែលតែងតែរិះគន់អ្នកពីវិធីសាស្ត្រនៃការចិញ្ចឹមកូនរបស់អ្នក នៅពេលដែលកូនរបស់អ្នកធ្វើអ្វីមួយដែលមិនបានផ្តល់កិត្តិយសអោយអ្នកផ្ទះ។ វាជារឿងមិនបានព្រៀងទុក ពោរពេញដោយល្បិចកល និងការបញ្ឈឺ ដែលបន្សល់ទុកនូវអារម្មណ៍ដ៏សែនឈឺចាប់សម្រាប់អ្នក។ 

ជួនកាល មនុស្សមួយចំនួនបន្សល់ទុកនូវស្លាកស្នាមដ៏សាហាវមួយ តាមរយៈការសួរនាំនូវសំណួរដែលប៉ះពាល់ទៅលើភាពស្មោះត្រង់ ភាពថ្លៃថ្នូរ និងសមត្ថភាពរបស់អ្នក។ រឿងមួយទៀត គឺនៅពេលដែលមិត្តភក្តិរបស់អ្នកមិនបានគោរពទៅតាមពាក្យសន្យា ដូចជាការមិនបានធ្វើអ្វីដែលអ្នកបានស្នើសុំ ឬភ្លេចក្នុងការទូរសព្ទមកអ្នកជាដើម។ 

វិធីសាស្ត្រដែលធ្វើអោយអ្នកឈឺចាប់ទាំងនេះគឺជាអ្វីដែលអ្នកមិនគួរមើលរំលង ហើយត្រូវតែទ្រាំជាមួយវា។ មិត្តភក្តិ ឬសមាជិកគ្រួសារបែបនេះ ហាក់បីដូចជាកំពុងមានបំណងក្នុងការដុតភ្លើងអោយឆេះ ជាជាងការផ្តល់ភាពកក់ក្តៅ ការអាណិតអាសូរ និងការគាំទ្រ។ ទាំងនេះគឺជាមូលហេតុដែលអ្នកត្រូវតែជៀសអោយផុតពីពួកគេ។

១០. មនុស្សដែលមានជំងឺស្រ្តេស

តើអ្នកដឹងទេថា មនុស្សដែលចូលចិត្តគិតអវិជ្ជមាន តែងតែព្រួយបារម្ភពីសុវត្ថិភាព សុខភាព និងការរស់នៅ? វាគឺកើតឡើងតាំងពីមនុស្សរស់នៅក្នុងរូងភ្នំម្ល៉េះ។ ហើយវាគ្មានអីចម្លែកដែលបញ្ហាស្មុគស្មាញទាំងនេះនៅតែកើតឡើងនាពេលបច្ចុប្បន្ននោះទេ។ វាជាមូលហេតុដែលយើងត្រូវត្រៀមខ្លួនជាស្រេចក្នុងការទប់ទល់ជាមួយពួកគេ នៅពេលដែលពួកគេលេចមុខនៅចំពោះមុខយើង ឬទូរសព្ទមកយើង។ 

ហើយមនុស្សប្រភេទនេះមានមិនខ្វះទេ ដោយចន្លោះពី ៧៥% ទៅ៩០% ដែលទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតសុទ្ធតែអ្នកដែលមានបញ្ហាជាមួយនឹងជំងឺស្រ្តេស! ការស្រាវជ្រាវមួយបានរកឃើញថា ការដែលជួបបញ្ហាស្ត្រេសរយៈពេលយូរ នឹងធ្វើអោយប៉ះពាល់មកលើខួរក្បាល និងការបំពេញការងាររបស់យើង។ 

យើងមានបញ្ហាស្មុគស្មាញផ្ទាល់ខ្លួនដែលត្រូវដោះស្រាយ ដូច្នេះមិនចាំបាច់អីទៅខ្វល់ខ្វាយជាមួយនឹងបញ្ហាស្មុគស្មាញរបស់អ្នកដទៃដែលរត់មករកយើងនោះទេ។ យើងត្រូវការនៅអោយឆ្ងាយពីមនុស្សប្រភេទនេះ ដើម្បីអោយយើងអាចរស់នៅលើលោកនេះបាន។ 

Sok Phalla

Sok Phalla

No comments:

Post a Comment

Powered by Blogger.