អត្ថបទថ្មីៗ
recent

វិធីសាស្រ្ត ៣ យ៉ាងដើម្បីបង្កើតក្រុមការងារដ៏រីករាយ និងមានផលិតភាព

វិធីសាស្រ្ត ៣ យ៉ាងដើម្បីបង្កើតក្រុមការងារដ៏រីករាយ និងមានផលិតភាព

តើអ្នកមានភាពសប្បាយរីករាយនៅកន្លែងធ្វើការរបស់អ្នកមែនទេ? ហើយការរីករាយនោះកើតឡើង​នៅពេលដែលម៉ោងការងារត្រូវបានបញ្ចប់ តើពិតទេ? អ្នកប្រហែលជាធ្លាប់លឺពាក្យមួយឃ្លានេះ "នេះហើយគឺការងារ"។ តើការងារមិនតែងតែចឹងមែនទេ?

វាមិនចឹងទៀតនោះទេ។

ការសិក្សាថ្មីមួយដែលមានឈ្មោះថា "ភាពសប្បាយរីករាយ និងផលិតភាព" ដែលធ្វើឡើងដោយអ្នកវិភាគសេដ្ឋកិច្ច បានបង្ហាញថា ភាពសប្បាយរីករាយធ្វើអោយមនុស្សកាន់តែមានផលិតភាពល្អនៅកន្លែងការងារ។

យោងទៅតាមអ្នកស្រាវជ្រាវម្នាក់ គឺលោកសាស្ត្រាចារ្យ Andrew Oswald មានទិន្នន័យមួយបានបង្ហាញ​ថា "កុ្រមហ៊ុនជាច្រើនដូចជា Google បានវិយោគកាន់តែច្រើនទៅលើការគាំទ្របុគ្គលិក និងការបំពេញចិត្តបុគ្គលិក ជាលទ្ធផលមានភាពរីកចម្រើនគួរអោយកត់សម្គាល់"។ សម្រាប់ក្រុមហ៊ុន Google អត្រានៃការរីកចម្រើនគឺ ៣៧%។ ពួកគេដឹងថាពួកគេកំពុងតែត្រូវការអ្វី។ នៅក្រោមលក្ខខណ្ឌណាក៏ដោយ ការដែលធ្វើអោយបុគ្គលិកសប្បាយរីករាយ នឹងទទួលបាននូវសំណងគួរជាទីគាប់ចិត្តត្រលប់មកវិញ"។

អ្វីដែលការសិក្សាស្រាវជ្រាវបង្ហាញនោះគឺ ភាពសប្បាយរីករាយមិនមែនជារបស់ដ៏ល្អប្រណិតគ្រាន់តែដើម្បីអាចទិញបាននូវក្រុមហ៊ុន Silicon Valley ដ៏មានតម្លៃខ្ពស់នោះទេ។ ក្រុមការងារដែលពោរពេញដោយក្តីសប្បាយរីករាយមិនមែនជាអ្វីដែលស្ថាប័នអាចព្រងើយកន្តើយនោះទេ ប៉ុន្តែវាគឺជាឧបករណ៍ដ៏សំខាន់ក្នុងការវិនិយោគដើម្បីលើកកម្រិតក្រមសីលធម៏របស់បុគ្គលិក រក្សាទុកបុគ្គលិក និងបង្កើនផលិតភាពរបស់បុគ្គលិក។

មិនថាអ្នកកំពុងដឹកនាំក្រុមដ៏តូច ឬក៏ក្រុមហ៊ុនដ៏ធំនោះទេ មានវិធីសាស្ត្រដ៏ល្អមួយចំនួនក្នុងការធ្វើអោយបុគ្គលិករបស់អ្នកមានភាពសប្បាយរីករាយ ហើយថែមទាំងអាចសម្រេចបាននូវគោលដៅ​ដែលថ្នាក់ដឹកនាំបានកំណត់។ ខាងក្រោមនេះគឺជាគន្លឹះសំខាន់ទាំង ៣ ដែលជួយអ្នកក្នុងការបង្កើតក្រុមការងារដ៏រីករាយ និងមានផលិតភាព។

សូមធ្វើខ្លួនជាអ្នកដែលមានទំនាក់ទំនងដ៏ល្អបំផុត

ប្រសិនបើអ្នកមិនមានលទ្ធភាពបង្ហាញនូវអ្វីដែលអ្នកចង់បាននោះទេ នោះក្រុមការងាររបស់អ្នកក៏មិនអាចធ្វើការងារនោះអោយបានជោគជ័យដែរ។ វាគឺជារឿងពិត។ អ្វីដែលមិនច្បាស់នោះគឺថា ការដែលអ្នកគឺជាមនុស្សដែលខ្សោយក្នុងការទំនាក់ទំនង អ្នកគឺកំពុងតែធ្វើអោយចំណងនៃការជឿជាក់រវាងអ្នក និងបុគ្គលិករបស់អ្នកមានភាពផុយស្រួយ  ហើយយូរៗទៅនឹងបង្កើតអោយមានបរិយាកាសអាប់អួរនៅក្នុងកន្លែងធ្វើការជាមិនខាន។ 

តើអ្នកធ្វើយ៉ាងណាដើម្បីអោយការទំនាក់ទំនងរបស់អ្នកមានប្រសិទ្ទភាព ហើយការធ្វើបែបនោះនឹងជួយអោយក្រុមការងាររបស់អ្នកមានភាពរីករាយដោយរបៀបណា? 

១. ស្តាប់អោយបានច្រើន៖ ការទំនាក់ទំនងគឺជាមធ្យោបាយដែលមាន ២ ផ្លូវ។ សូមទុកការគិត និងយោបល់របស់អ្នកមួយឡែកសិន ដើម្បីស្តាប់យោបល់របស់មនុស្សគ្រប់គ្នាដែលនៅក្នុងក្រុមការងាររបស់អ្នក ហើយសូមបង្ហាញថា អ្នកមានឆន្ទៈមុតមាំណាស់ក្នុងការពិចារណាទៅលើគំនិតរបស់ពួកគេ។ អ្នកបង្ហាញថា អ្នកកំពុងស្តាប់ (ហើយត្រូវចងចាំនូវអ្វីដែលក្រុមការងាររបស់អ្នកបាននិយាយ) តាមរយៈការនិយាយសារឡើងវិញនូវអ្វីដែលពួកគេបាននិយាយ។

២. កុំនិយាយចាកប្រធាន៖ នៅពេលដែលអ្នកកំពុងតែនិយាយ សូមកុំធ្វើអោយមានការភ័ន្តច្រលំដោយលើកយកបញ្ហាដទៃទៀតដែលមិនពាក់ព័ន្ធយកមកនិយាយ។ សូមនិយាយរឿងមួយអោយដឹងមួយ ហើយត្រូវនិយាយសង្ខេបខ្លីៗ និងងាយយល់។

៣. ត្រូវមើលភ្នែករបស់ពួកគេ៖ វាអាចជាគំនិតដ៏ចាស់គំរឹល ដោយសារមនុស្សសម័យឥឡូវគេចូលចិត្តសម្លឹងមើលទូរសព្ទ និងមានការងារជាច្រើនដែលត្រូវធ្វើ។ ទោះបីជាយ៉ាងណាក៏ដោយ ការមើលភ្នែកអ្នកដទៃ អាចជួយអ្នក និងអ្នកស្តាប់ផ្តោតអារម្មណ៍ទៅលើប្រធានបទដែលកំពុងនិយាយ ហើយវាក៏អាចបង្ហាញផងដែរថា អ្នកគឺកំពុងតែស្តាប់ ហើយនឹងមានយោបល់ និងគំនិតត្រលប់ទៅគេវិញ។

៤. សួរសំណួរ៖ មុនពេលដែលអ្នកបញ្ចប់ការប្រជុំ ឬក៏សន្និសិត សូមសួរទៅកាន់ពួកគេ ថាតើពួកគេមានសំណួរអ្វីចង់សួរដែរឬទេ។ ការធ្វើបែបនេះជួយអោយអ្នកប្រាកដថា ព័ត៌មានដែលអ្នកចង់ផ្តល់អោយពួកគេគ្រប់គ្នាគឺត្រឹមត្រូវ ហើយវាថែមទាំងជួយអោយក្រុមទាំងមូលមានទំនាក់ទំនងជាមួយគ្នាល្អទៀតផង។

៥. បង្កើតអោយមានការចូលរួមពីសមាជិកក្រុម៖ ការបង្កើតទំនួលខុសត្រូវអោយក្រុមការងារអ្នក គឺជាការចាប់ផ្តើមដ៏ល្អ ប៉ុន្តែក៏ត្រូវធ្វើអោយពួកគេក្លាយជាចំណែកមួយនៃដំណើរការការងារក្នុងការឆ្ពោះទៅរកគោលដៅផង។ ទង្វើបែបនេះនឹងធ្វើអោយពួកគេមានចំណែកក្នុងការងារ ផ្តល់នូវភាពជាកម្មសិទ្ធិដល់ពួកគេ ហើយនឹងធ្វើអោយពួកគេដឹងខ្លួនថា ពួកគេត្រូវទទួលខុសត្រូវទៅលើអ្វីខ្លះផងដែរ។ 

គោរពស្វ័យភាពរបស់ក្រុមការងារ

ប្រសិនបើអ្នកគ្រប់គ្រងបុគ្គលិកអ្នកគ្រប់វិនាទីទៅលើការបំពេញការងារប្រចាំថ្ងៃរបស់ពួកគេ អ្នកពិតជាមិនអាចជួយពួកគេអោយទទួលបានផលិតភាពល្អឡើយ។ អ្នកពិតជាមិនបានធ្វើអោយមានបរិយាកាសល្អនៅកន្លែងធ្វើការទេ។ វាមិនមែនមានន័យថា អ្នកផ្តល់សេរីភាពពេញទំហឹងដល់បុគ្គលិករបស់អ្នកនោះទេ ព្រោះទោះបីយ៉ាងណាក៏អ្នកគឺជាអ្នកគ្រប់គ្រងរបស់ពួកគេដែរ។ អ្នកចង់បាននូវការគោរពដ៏សាមញ្ញមួយពីពួកគេ ហើយទង្វើនោះវាពាក់ព័ន្ធនឹងការផ្តល់នូវស្វ័យភាពដល់ក្រុមការងារអ្នកក្នុងការគ្រប់គ្រងពេលវេលា តាមមធ្យោបាយរបស់គេ។ 

រឿងដ៏ធំបំផុតដែលធ្វើអោយមានការខ្ជះខ្ជាយពេលវេលានោះ គឺអ៊ិនធឺណែត។ ប្រសិនបើមានគេហទំព័រណាមួយដែលកំពុងតែបើកនៅពីក្រោយការងាររបស់ពួកគេនោះ វាប្រាកដណាស់ថាពួកមានចេតនាក្នុងការបើក ហ្វេសប៊ុក ឬគេហទំព័រដែលពួកគេចូលចិត្តណាមួយជាមិនខាន ហើយដូចអ្វីដែលបានលើកឡើងចឹង ការដែលបង្កើតបរិយាកាសមួយដែលហាមឃាត់ពួកគេ មិនមែនជារឿងដែលអាចធ្វើអោយមានផលិតភាពល្អបានឡើយ។ ជាការពិតណាស់ ការគ្រប់គ្រងល្អិតល្អន់ពេក អាចធ្វើអោយប៉ះពាល់ដល់ផលិតភាពការងារជាជាងការដែលពួកគេឆែកអ៊ិនធឺណែតនៅពេលទំនេរទៅទៀត។ 

តើអ្នកត្រូវធ្វើអ្វីដើម្បីលើកទឹកចិត្តអោយបុគ្គលិកបំពេញការងារប្រកបដោយផលិតភាពដោយគ្មានការកំណត់នូវច្បាប់ដ៏តឹងរ៉ឹងនោះ?

១. ដាក់ផែនការអោយពួកគេ៖ ប្រសិនបើអ្នកមានផែនការច្បាស់លាស់សម្រាប់អោយក្រុមការងាររបស់អ្នកទទួលខុសត្រូវធ្វើក្នុងរយៈពេលកំណត់ណាមួយ នោះអ្នកកំពុងតែប្រាប់ខ្លួនឯងថា អ្នកទុកចិត្តពួកគេក្នុងការសម្រេចនូវការងារមួយអោយទាន់ពេលវេលា តាមវិធីដែលគេអាចធ្វើបាន។ ប្រសិនបើពួកគេត្រូវការការសម្រាកខ្លះ ហើយពួកគេចូលទៅមើលវីដេអូកំសាន្តតិចតួច នោះវាមិនជាបញ្ហាអ្វីទេ។ 

២. ផ្តល់នូវការលើកទឹកចិត្ត៖ មនុស្សគ្រប់គ្នាចង់អោយការងារដែលគេសម្រេចបាន មានការទទួលស្គាល់ពីអ្នកដទៃ ដូច្នេះសូមផ្តល់អោយក្រុមការងាររបស់អ្នកដែលបានបំពេញការងារដោយជោគជ័យជាមួយនឹងរង្វាន់លើកទឹកចិត្តខ្លះៗ។ វាអាចជារង្វានសាមញ្ញដូចជា​ការហៅទៅញ៉ាំអាហារថ្ងៃត្រង់ជុំគ្នា ឬក៏ការផ្តល់នូវវិញ្ញាបនប័ត្រប្រចាំខែដល់បុគ្គលិកដែលឆ្នើម។ នៅពេលដែលអ្នកប្រគល់ជារង្វាន់បែបកំប្លែង វាក៏អាចជួយអោយបរិយាកាសការងារមានភាពសប្បាយរីករាយផងដែរ។ ត្រូវប្រាកដថា វាមានតម្លាភាព ហើយអ្នកបើកឱកាសអោយអ្នកគ្រប់គ្នាបានចូលរួម មិនមែនតែមនុស្សប៉ុន្មានអ្នកដែលអ្នកចូលចិត្តនោះទេ។ 

៣. ផ្តល់នូវម៉ោងការងារដែលអាចបត់បែនបាន៖ ទោះបីជាអ្នកត្រូវការពេលវេលានៅពេលថ្ងៃ ដើម្បីជួបជុំក្រុមការងាររបស់អ្នកក៏ដោយ ពេលវេលាបែបនេះមិនសំខាន់ជាងការធ្វើការងារអោយទាន់ពេលវេលានោះទេ។ មនុស្សមួយចំនួន អាចបំពេញការងារបានល្អនៅពេលព្រឹក ខណៈពេលដែលអ្នកដទៃទៀតអាចធ្វើបានល្អនាពេលចុងម៉ោង។ ប្រសិនបើអ្នកមិនអាចផ្តល់ភាពបត់បែនអោយគេនោះទេ អ្នកគួរតែអនុញ្ញាតអោយក្រុមការងាររបស់អ្នកធ្វើការទៅតាមពេលវេលាដែលល្អសម្រាប់ពួកគេទៅ។ 

៤. ផ្តល់ឱកាសអោយពួកគេបានចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ៖ សមត្ថភាពមានកម្រិត ពិតជាមានគ្រោះថ្នាក់ណាស់សម្រាប់អ្នក និងក្រុមការងាររបស់អ្នក។ អ្នកតែងតែចង់លើកទឹកចិត្ត និងជួយពួកគេអោយមានការអភិវឌ្ឍន៍ទៅលើបច្ចេកវិទ្យានិងរបស់ថ្មីៗ។ ជាថ្មីម្តងទៀ ការវិនិយោគបែបនេះ នឹងផ្តល់អោយអ្នកវិញនូវភក្តីភាព ទំនុកចិត្តរបស់ពួកគេ​ ហើយថែមទាំងបង្កើននូវផលិតភាពទៀតផង។ 

អ្នកមិនត្រូវយកចិត្តទុកដាក់តែទៅលើគម្រោងថ្ងៃនេះ និងផែនការផលិតភាពថ្ងៃនេះប៉ុណ្ណោះទេ។ វាតែងតែមានគម្រោងដទៃទៀត បើទោះបីជាវាមានភាពលំបាកសម្រាប់អ្នកក្នុងការមើលឃើញពីត្រើយម្ខាងទៀតនៅពេលដែលអ្នកកំពុងរវល់នឹងការងាររបស់អ្នកក៏ដោយ។ គម្រោងនាពេលអនាគតតែងតែត្រូវបានគេរក្សាទុកនៅពីក្រោយខ្នងរបស់ក្រុមការងារនៅកន្លែងធ្វើការរបស់អ្នកជានិច្ច។ 

ប្រសិនបើអ្នកបានដុតបំផ្លាញកម្លាំងការងារក្រុមរបស់អ្នក នោះអ្នកត្រូវតែឆ្លងកាត់នូវភាពលំបាកក្នុងការកសាងក្រុមការងាររបស់អ្នកឡើងវិញម្តងទៀត។ វាមិនត្រឹមតែមានភាពលំបាកក្នុងការរក ឬក៏បង្វឹកក្រុមការងារថ្មីរបស់អ្នកនោះទេ ប៉ុន្តែវាក៏ត្រូវចំណាយលុយច្រើនផងដែរ។ The Corporate Executive Board បានរកឃើញថា ការចំណាយទៅលើការជំនួសនូវធនធានដែលបានបាត់បង់ និងការរកធនធានថ្មី វាចំណាយ​ស្មើនឹង ១៥០%នៃប្រាក់ខែរបស់ពួកគេ ប្រសិនបើយើងគិតពីការបាត់បង់ផលិតភាពការងារ ទឹកប្រាក់សម្រាប់ការជ្រើសរើស និងផ្តល់វគ្គបណ្តុះបណ្តាលដល់បុគ្គលិកថ្មី។ ដូច្នេះ វាមានសារ​សំខាន់ណាស់ក្នុងការធ្វើអោយការងារសម្រេចគោលដៅនៅថ្ងៃនេះ ប៉ុន្តែក៏ត្រូវតែយកចិត្តទុកដាក់​ទៅលើ​ការថែរក្សាបុគ្គលិកផងដែរ។

វាមធ្យោបាយផ្សេងទៀតជាច្រើន ដែលអ្នកគ្រប់គ្រង និងក្រុមហ៊ុន ត្រូវអនុវត្តដើម្បីធ្វើអោយ​ស្ថាប័ន​របស់គេ​មានភាពទាក់ទាញសម្រាប់ក្រុមការងាររបស់ពួកគេ។ មធ្យោបាយទាំងនោះមានដូចជា៖

១. ផ្តល់អត្តប្រយោជន៍ដមានផាសុខភាពដល់បុគ្គលិក៖ ប្រសិនបើអ្នកអាចផ្តល់អោយបុគ្គលិករបស់​អ្នកនូវកាតសមាជិករបស់ក្លឹបហាត់ប្រាណ ការម៉ាស្សាដល់ការិយាល័យ អាហារ និងរបស់ញ៉ាំ​ផ្សេងៗដែលល្អៗ ឬទោះបីជាត្រឹមតែការសម្រាកសម្រាប់ការធ្វើសមាធិ ក៏អ្នកអាចកាត់​បន្ថយភាព​ស្តេ្រស និងធ្វើអោយាមានបរិយាកាសការងារល្អបានដែរ។

២. ផ្តល់នូវរង្វាន់លើកទឹកចិត្តជាហិរញ្ញវត្ថុ៖ លុយគឺជាភាសាសម្រាប់ទំនាក់ទំនងជាសាកល។ បើទោះបីជាក្រុមការងារមិនបានផ្តល់ភាពស្មោះត្រង់មួយរយភាគរយអោយក្រុមហ៊ុនក៏ដោយ ពួកគេនឹងប្រឹងប្រែងក្នុងការបំពេញការងារអោយអស់ពីសមត្ថភាព ប្រសិនបើអ្នកផ្តល់រង្វាន់ជាទឹក​សាច់ប្រាក់ដ៏សមប្រកបសម្រាប់ពួកគ។ ទោះបីវាជាប្រាក់បន្ថែម ឬអត្ថប្រយោជន៍ជាសាច់ប្រាក់បែប​ណាក៏ដោយ វាមានតម្លៃក្នុងការផ្តល់ដល់បុគ្គលិករបស់អ្នកជាទីបំផុត។

៣. ការផ្តល់ការឈប់សម្រាកដែលមានប្រាក់ឈ្នួលដល់បុគ្គលិកអោយបានយូរជាងមុន៖វាហាក់បី​ដូចជាមិនសមស្របទាល់តែសោះ ដែលអ្នកត្រូវផ្តល់រយៈពេលយូរដល់បុគ្គលិកក្នុងការឈប់​សម្រាកពីការិយាល័យដោយមិនកាត់ប្រាក់ខែរបស់ពួកគេ ប៉ុន្តែការធ្វើបែបនេះនឹងធ្វើអោយអ្នក​ទទួលបាននូវលទ្ធផលជាទីគាប់ចិត្តបានយូរ។ ទោះបីវាជាការឈប់សម្រាកសម្រាប់រឿងផ្ទាល់ខ្លួន​ដែលទាក់ទងនឹងការចូលរួមពិធីណាមួយរបស់សមាជិកគ្រួសាររបស់ពួកគេក៏ដោយ ការសម្រាក​បែបនេះ​នឹងធ្វើអោយពួកគេមានភាពស្រស់ស្រាយ ហើយថែមទាំងអាចបំពេញការងារ​បានយ៉ាង​ល្អថែម​ទៀតផង។

៤. ធ្វើជាគំរូល្អដែលពោរពេញដោយក្តីសោមនស្សរីករាយ៖ជាអ្នកគ្រប់គ្រងម្នាក់ អ្នកមិនអាច​បង្កាត់ភ្លើង ហើយប្រាប់ទៅបុគ្គលិកអ្នកអោយត្រលប់ទៅផ្ទះ ហើយហាមពួកគេ​កុំអោយគិត​ច្រើន​នោះទេ។ វាមិនមែនមានន័យថាអ្នកត្រូវតែធូររលុងពេកនោះទេ ប៉ុន្តែអ្នកត្រូវតែបង្ហាញ​ពីតុល្យភាព​នៃ​អាកប្បកិរិយា ដែលអ្នកចង់បានពីក្រុមការងាររបស់អ្នក ហើយអ្នកក៏ត្រូវធ្វើជាគំរូល្អ​ដែលពោរ​ពេញដោយក្តីសោមនស្សនៅកន្លែងការ​ងារផងដែរ។

៥. កំណត់ព្រំដែន៖ ការដែលប្រើប្រាស់ Smart Phone អ៊ីម៉ែល ការផ្ញើសារ និងការប្រើប្រាស់​បច្ចេកវិទ្យាផ្សេងៗ និងកម្មវិធីដើម្បីរក្សាទំនាក់ទំនងជាមួយគ្នា វាអាចធ្វើអោយយើងមានអារម្មណ៍​ថាការងារមួយនោះគ្មានថ្ងៃបញ្ចប់ទាល់តែសោះ។ ទង្វើបែបនេះហាក់បីដូចជាបង្ហាញអោយឃើញ​ថាក្រុមការងារអ្នកមានប្រព័ន្ធទំនាក់ទំនងដ៏ទំនើប អ្នកក៏ត្រូវតែគោរពពេលវេលាផ្ទាល់ខ្លួនរបស់គេ ហើយគួរកំណត់ពេលវេលាដ៏ជាក់លាក់ ថាពេលណាដែលពួកគេត្រូវធ្វើការ និងពេលណាដែលពួក​គេមិនត្រូវធ្វើ។

សរុបមក

វាមានតែប៉ុណ្ណឹង។ វាងាយស្រួលណាស់ មែនទេ? មិនមែនងាយទេ។ ជាការពិតណាស់ វាពិតជា​មានភាពពិបាកណាស់ដែលត្រូវធ្វើខ្លួនជាមនុស្សរីករាយ ហើយវាកាន់តែពិបាកទៀតក្នុងការធ្វើ​អោយក្រុមការងារទាំងមូលមានភាពរីករាយ ជាពិសេសប្រសិនបើស្ថាប័នរបស់អ្នកជាស្ថាប័នធំ។ សូមគិតថាភាពសប្បាយរីករាយជាវិថីដែលនាំអ្នកអោយមានភាពជោគជ័យ។ អ្នកត្រូវតែហ៊ាន​វិនិយោគប្រសិនបើអ្នកចង់ទទួលបាននូវផលចំណេញ។ សូមព្យាយាមសាកល្បងនូវវិធីទាំងនេះ ហើយរង់ចាំមើលថាតើវាទទួលបានលទ្ធផលដែរឬទេ?

ជឿជាក់ថា អ្នកនឹងភ្ញាក់ផ្អើលជាមួយភាពរីករាយនេះជាមិនខាន!

សូមចុចទីនេះដើម្បីចូលមើលប្រភពដើមជាភាសាអង់គ្លេស 
Sok Phalla

Sok Phalla

No comments:

Post a Comment

Powered by Blogger.