អត្ថបទថ្មីៗ
recent

កំហុសធំៗទាំង៥ដែលបំផ្លាញទំនាក់ទំនងនៅក្នុងគ្រួសាររបស់អ្នក

កំហុសធំៗទាំង៥ដែលបំផ្លាញទំនាក់ទំនងនៅក្នុងគ្រួសាររបស់អ្នក


គ្រួសារគឺជាប្រភពនៃសេចក្តីស្រឡាញ់ ការយោគយល់ និងការគាំទ្រដំបូងបំផុតសម្រាប់មនុស្ស​គ្រប់គ្នា។ ប៉ុន្តែជាអកុសល គ្រួសារដែលមានសមាជិកច្រើន ភាគច្រើនជួបប្រទះនឹងភាពបរាជ័យ​ដោយសារតែ សមាជិកនៅក្នុងគ្រួសារធ្វើរឿងមួយចំនួនដែលបំផ្លាញសមូហភាពនៅក្នុងរង្វង់​គ្រួសារ។ ការយល់ដឹងពីបញ្ហាជាជំហានដំបូងក្នុងការស្វែងរកដំណោះស្រាយ។ 

បញ្ហាទាំង៦ដែលបំផ្លាញគ្រួសារដែលមានសមាជិកច្រើនមានដូចជា៖

១. ការប្រើពាក្យទ្រគោះបោះបោក និងការរិះគន់គ្នា

គ្រប់ពាក្យពេចន៍មានទម្ងន់របស់វា។ ករណីខ្លះ វាមានទម្ងន់ស្មើនឹងផែនដីទាំងមូលទៀតផង។ នៅពេលដែលពាក្យមិនគប្បីត្រូវបានប្រើទៅកាន់សមាជិកនៅក្នុងគ្រួសារ វានឹងធ្វើអោយពួកគេ​មាន​អារម្មណ៍ថាឈឺចាប់។ គ្រួសាររបស់អ្នកគួរតែជាប្រភពដែលផ្តល់ការលើកទឹកចិត្ត និងការគាំទ្រដល់​អ្នក។ ពាក្យមិនល្អអាចបំផ្លាញទំនាក់ទំនងចម្បងរបស់គ្រួសារអ្នក។ សមាជិកមួយចំនួនអាច​និយាយពាក្យខ្លះដែលមិនគប្បី ហើយគិតថា ពាក្យទាំងនោះជាពាក្យធម្មតាដែលមនុស្សគ្រប់​គ្នាតែងតែនិយាយ ចឹងវាគ្មានអីទៅធ្វើអោយអ្នកដទៃឈឺចាប់នោះទេ។ រឿងពិតគឺថា ពាក្យទាំង​នោះពិតជាធ្វើអោយគេឈឺចាប់ ទោះបីជាអ្នកប្រើវិធីសាស្ត្រក្នុងការនិយាយបែបណាក៏ដោយ។ នៅ​ពេលដែលពាក្យមិនល្អទាំងនោះត្រូវបាននិយាយទៅកាន់សមាជិកណាម្នាក់ វានឹងបង្កើតអោយ​មានការមិនចុះសម្រុងគ្នានៅក្នុងរង្វង់គ្រួសារជាមិនខាន។ វាត្រូវការពេលវេលាច្រើន និងការធ្វើអន្តរ​អំពើជាវិជ្ជមានច្រើន ដើម្បីទៅប៉ះប៉ូវនូវរឿងដែលមិនល្អដែលកើតមានឡើងដោយសារការប្រើ​ពាក្យ​ទ្រគោះបោះបោក ពាក្យរិះគន់ និងការឈ្លោះទាស់ទែងគ្នា។ 

នៅពេលដែលពាក្យសម្តីទ្រគោះបោះបោកត្រូវបានប្រើទៅកាន់សមាជិកណាម្នាក់នៃគ្រួសាររបស់​អ្នក ការខ្វែងគំនិតគ្នានឹងកើតឡើងភ្លាម ដែលអាចទៅបំផ្លាញទំនាក់ទំនងរហូតដល់ចំណុចមួយដែល​មិនអាចប៉ះប៉ូវបាន។ ទំនាក់ទំនងខ្លះ អាចផ្សះផ្សាមកវិញតាមរយៈការសុំទោស និងការលើកលែង​ទោស ប៉ុន្តែភាពឈឺចាប់នៅតែដក់ជាប់ បើទោះបីជាមានពាក្យពេចន៍ផ្សេងមកជំនួសក៏ដោយ។ សូម​ប្រុងប្រយ័ត្នចំពោះការប្រើពាក្យសម្តីរបស់អ្នក។ សូមរំលឹកប្រាប់ខ្លួនអ្នកថា ក្នុងនាមជាសមាជិក​គ្រួសារម្នាក់ អ្នកគឺជាចំណែកដ៏សំខាន់ក្នងការផ្តល់ការគាំទ្រដល់ជីវិតរបស់ពួកគេ។  ការហែកហួរគ្នា​នៅក្នុងរង្វង់គ្រួសារដោយការប្រើប្រាស់ពាក្យសម្តីមិនសមរម្យ គឺកំពុងតែបំផ្លាញសមូហភាពនៃគ្រួសារទាំងមូលហើយ។ សូមចាំទុកនូវពាក្យចាស់មួយឃ្លាដែលតែងពោលថា "ប្រសិនបើអ្នកគ្មានពាក្យអ្វីល្អដើម្បីនិយាយ អ្នកមិនគួរនិយាយអ្វីទាំងអស់"។

ប្រសិនបើមានសមាជិកគ្រួសាររបស់អ្នក មានបញ្ហាជាមួយនឹងការប្រើប្រាស់ពាក្យសម្តី សូមធ្វើជាគំរូ​សម្រាប់គេ ហើយធ្វើអោយបានល្អ។ សូមប្រើពាក្យសម្តីដែលជួយលើកទឹកចិត្តដល់គ្រួសាររបស់អ្នក។ ការធ្វើបែបនេះ នឹងធ្វើអោយអ្នកក្លាយជាបុគ្គលម្នាក់ដែលមានមនុស្សជាច្រើនចូលចិត្ត។ មនុស្សគ្រប់គ្នា មិនដែលមាននរណាចង់នៅក្បែរមនុស្សដែលធ្វើអោយពួកគេមានអារម្មណ៍មិនល្អនោះទេ។ ពួកគេតែងតែចង់នៅក្បែរអ្នកណាដែលធ្វើអោយពួកគេមានអារម្មណ៍ល្អចំពោះខ្លួនឯង។ ជួយដល់​គ្រួសាររបស់អ្នកដោយសម្លឹងមើលតែចំណុចល្អទៅកាន់គ្រប់សមាជិកទាំងអស់  ដូច្នេះអ្នកនឹងអាចធ្វើជាគំរូល្អក្នុងការប្រើប្រាស់ពាក្យសម្តីដើម្បីលើកទឹកចិត្តដល់សមាជិកនៃក្រុមគ្រួសាររបស់អ្នក។ 

២. ការនិយាយដើមគ្នា

 ការនិយាយដើមគ្នាគឺជាបញ្ហាដ៏ធំមួយ។ ជាទូទៅ ការនិយាយដើមគ្នាកើតឡើងនៅពេលដែលនរណា​ម្នាក់មានអារម្មណ៍មិនសប្បាយនឹងរឿងអ្វីមួួយដែលពាក់ព័ន្ធជាមួយនឹងមនុស្សដែលគេកំពុង​តែ​និយាយដើមនោះ។ វាអាចធ្វើអោយមនុស្សម្នាក់មានអារម្មណ៍សប្បាយចិត្តមួយគ្រា ប៉ុន្តែនៅទីបញ្ចប់​វានៅតែមិនអាចដោះស្រាយនៅបញ្ហាអ្វីបាន ដោយហេតុថា ការនិយាយដើមនេះគឺជាទូទៅមិនដែលកើត​ចេញពីក្តីស្រឡាញ់ ឬសន្តានចិត្តស្មោះត្រង់នោះទេ។ ប្រសិនបើអ្នកមានបញ្ហាអ្វីមួយជាមួយ​សមាជិកណាម្នាក់នៅក្នុងគ្រួសារ អ្នកគួរតែទៅនិយាយជាមួយបុគ្គលម្នាក់នោះដោយផ្ទាល់។ អ្នកមិន​ចាំបាច់ទៅប្រកាសពីបញ្ហារបស់អ្នក អោយអ្នកគ្រប់គ្នានៅក្នុងគ្រួសារអ្នកដឹងលឺនោះទេ។ មនុស្សមួយ​ចំនួនអាចនឹងធ្វើបែបហ្នឹងដើម្បីធ្វើអោយអ្នកគ្រប់គ្នានៅក្នុងគ្រួសារជ្រើសរើសថាតើពួកគេនៅខាង​ណា។ 

នៅពេលដែលសមាជិកគ្រូសារជ្រើសរើសថាខ្លួននៅខាងណាហើយ វានឹងមានការបែងចែកបក្សពួក​នៅក្នុងរង្វង់គ្រួសារនោះតែម្តង។ ផ្ទុយមកវិញ អ្នកគួរតែទៅនិយាយជាមួយបុគ្គលម្នាក់នោះជាលក្ខណៈឯកជនវិញប្រសើរជាង។ ជជែកវែកញែកពីបញ្ហា ប៉ុន្តែត្រូវធ្វើក្នុងគោលបំណងរកដំណោះស្រាយដើម្បីផ្សះផ្សាគ្នា។ ប្រសិនបើអ្នកធ្វើ ប៉ុន្តែប្រកបដោយភាពឈឺចាប់ក្នុងចិត្ត ឬចង់បង្ករជម្លោះ វានឹងមិនអាចដោះស្រាយបញ្ហាបានឡើយ។ 

សូមបញ្ចេញនូវការព្រួយបារម្ភរបស់អ្នក នៅក្នុងលក្ខខណ្ឌមួយដែលអាចអោយពួកគេអាចមើលដឹងពី​ទស្សនៈរបស់អ្នក។ មធ្យោយបាយនេះអាចធ្វើអោយពួកគេចង់ផ្សះផ្សាទំនាក់ទំនង និងបញ្ជាក់ពីកំហុសដែលកើតឡើងកន្លងមក។ សូមកុំនិយាយអ្វីមិនល្អពីសមាជិកគ្រួសាររបស់អ្នកនៅពីក្រោយខ្នង​ពួកគេ។ ប្រសិនបើពួកគេមានការស្រមើលស្រមៃនៅក្នុងជីវិតរបស់ពួកគេ ហើយបញ្ហាទាំងនោះមិន​មានអ្វីដែលទាក់ទងនឹងអ្នកទាល់តែសោះ ចឹងសូមកុំយករឿងទាំងនោះទៅលាតត្រដាងអី។ សូមប្រាប់ខ្លូនអ្នកថា"វាមិនមែនជារឿងរបស់ខ្ញុំនោះទេ"។

៣. ខ្វះការចូលរួម

ការចូលរួមរបស់សមាជិកគ្រួសារម្នាក់ៗ មានសារសំខាន់ខ្លាំងណាស់សម្រាប់គ្រួសារទាំងមូល។ ត្រូវធ្វើ​អោយមានការចូលរួមរបស់សមាជិកទាំងអស់ ចំពោះការងារដែលពាក់ព័ន្ធនឹងគ្រួសារ។ បើទោះបីជាអ្នកដឹងថា ពួកគេនឹងបដិសេធក៏ដោយ អ្នកត្រូវតែសួរ។ អារម្មណ៍តានតឹងកើតឡើងដោយសារតែការ​មិនដែលសួរនាំ និងការមិនបើកឱកាសអោយមានការចូលរួម។ វាស្រេចតែពួកគេ ថាតើគេចង់ចូល​រួម មិនថាការងារដែលទាក់ទងនឹងគ្រួសារ ឬក៏ដំណើរកំសាន្តជាលក្ខណៈគ្រួសារដែលអ្នកបានអញ្ជើញ​ពួកគេ ប៉ុន្តែរឿងដែលសំខាន់គឺអ្នកបានសួរពីយោបល់ពួកគេ។ ប្រសិនបើគោលដៅរបស់អ្នក គឺភាព​សហការគ្នានៅក្នុងរង្វង់គ្រួសារ និងការផ្តល់ក្តីស្រឡាញ់អោយគ្នាទៅវិញទៅមក ដូច្នេះអ្នកត្រូវតែហៅអ្នកគ្រប់គ្នាអោយមានការជួបជុំគ្នា និងការជួយការងារគ្នា។ សូមកុំរកលេសមិនហៅពួកគេ ព្រោះវា​ជារឿងដែលមិនត្រឹមត្រូវ ហើយថែមទាំងធ្វើអោយមានអារម្មណ៍តានតឹងខ្លាំងក្នុងរង្វង់គ្រួសារទៀតផង។

៤. ការបោកប្រាស់ និងការកុហក

ការបោកប្រាស់សមាជិកក្នុងគ្រួសារ គឺជាការបំផ្លិចបំផ្លាញដ៏ធំមួយ។ រឿងពិតតែងតែត្រូវបានលាត​ត្រដាង។ ជួនកាលវាត្រូវចំណាយពេលដល់រាប់ឆ្នាំ ឬច្រើនជំនាន់ដើម្បីរកអោយឃើញពីការកុហក និងបោកប្រាស់ទាំងនោះ ប៉ុន្តែត្រូវដឹងថា ចុងក្រោយគេនឹងដឹងជាមិនខាន ទោះបីជាយូរយ៉ាងនេះក៏ដោយ។ ប្រសិនបើអ្នកគ្មានភាពស្មោះត្រង់សម្រាប់សមាជិកនៅក្នុងគ្រួសាររបស់អ្នក តើអ្នកនឹងមាន​ភាពស្មោះត្រង់អោយអ្នកណាទៀត? 

ការកុហកមនុស្សនៅក្នុងគ្រួសារ ឬក៏ការបោកប្រាស់នរណាម្នាក់ដើម្បីលាក់ទុកនូវការសម្ងាត់ណាមួយ​អាចនឹងនាំទៅរកភាពបែកបាក់គ្នា។ ការបែកបាក់នេះ បណ្តាលមកពីភាពស្មោះត្រង់រិចរឹល។ ការកុហកកាន់តែធំ ធ្វើអោយមានភាពរិចរឹលកាន់តែខ្លាំង។ ការកុហកមួយចំនួនដូចជា កូនលួច​លាក់ដែលកើតចេញពីិការផិតក្បត់ អាចធ្វើអោយមានការរិចរឹលដ៏ធំធេង ដែលអាចបណ្តាលអោយគ្រួសារ​ជួបនឹងរឿងល្អក់កករជាច្រើនជំនាន់។ 

រាល់សកម្មភាពរបស់អ្នក តែងតែមានផលប៉ះពាល់ជានិច្ច។ វាមិនត្រឹមតែប៉ះពាល់អ្នកនោះទេ តែវា​ថែមទាំងប៉ះពាល់ទៅលើគ្រួសារដ៏ធំរបស់អ្នកទៀតផង។ វាជាការប្រសើរក្នុងការសារភាពពីកំហុសដែល​អ្នកបានធ្វើ ហើយប្រឹងប្រែងប៉ះប៉ូវសងវិញ ជាជាងការកុហក និងការធ្វើអោយការកុហកនោះរីកដុះ​ដាល (ឬរហូតដល់គេរកឃើញដោយខ្លួនឯង)។ សូមកុំដាក់បន្ទុកខ្លួនឯងដោយប្រើពាក្យកុហក។ សូម​បើកចំហរ និងមានភាពស្មោះត្រង់ចំពោះក្រុមគ្រួសាររបស់អ្នក។ ប្រសិនបើអ្នកបានធ្វើរឿងណាមួយ​ដែលធ្វើអោយនរណាម្នាក់ឈឺចាប់ អ្នកត្រូវតែសុំទោស ហើយព្យាយាមរកវិធីដើម្បីកែប្រែស្ថានភាពនោះ ដើម្បីសុភមង្គលរបស់ក្រុមគ្រួសារអ្នក។ ការដែលព្យាយាមលាក់នូវការពិត នឹងបង្គរនូវភាពឈឺចាប់​កាន់តែច្រើន។ កាលណាអ្នកលាក់ការពិតកាន់តែយូរ ការឈឺចាប់កាន់តែបង្គរច្រើនឡើងដែរ។ 

៥. ការ​មិនទទួលយកចំណុចដែលខុសគ្នា

ក្មេងដែលធំឡើងនៅក្នុងផ្ទះតែមួយ រស់នៅជាមួយឪពុកម្តាយតែមួយ មានច្បាប់ទម្លាប់តែមួយ និង​ទទួលការណែនាំតែមួយ មិនប្រាកដថាអាចក្លាយជាមនុស្សពេញវ័យដែលមានលក្ខណៈដូចគ្នាជាមួយនឹង​បងប្អូនបង្កើតរបស់គេនោះទេ។ យើងគ្រប់គ្នា មានចំណុចខុសៗគ្នា។ សូមទទួលស្គាល់នូវ​ភាពខុសគ្នារបស់អ្នកដទៃ។ កុំដោយសារតែអ្នកជាមនុស្សដែលនៅក្នុងគ្រួសារតែមួយ ហើយគិតថាអ្នក​ត្រូវតែមានទស្សនៈទៅលើនយោបាយតែមួយ ឬត្រូវមានសាសនាតែមួយអោយសោះ។ 

មនុស្សគ្រប់គ្នា នឹងធំធាត់ ហើយនិងមានជម្រើសក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងរបៀបនៃការរស់នៅខុសៗគ្នា ប៉ុន្តែវាមិនមែនជាកាតព្វកិច្ចរបស់សមាជិកក្នុងគ្រួសារក្នុងការកាត់សេចក្តីនោះទេ។ សេចក្តីស្រឡាញ់ និងការទទួលយក គឺចាប់ផ្តើមពីគ្រួសាររបស់អ្នកទៅ។ ប្រសិនបើសមាជិកគ្រួសារមិន​ផ្តល់នូវអ្វីទាំងនេះ អោយគ្នាទៅវិញទៅមកនោះទេ ចឹងពួកគេនឹងបរាជ័យក្នុងជីវិតគ្រួសារមិនខាន​ឡើយ។ 

ប្រសិនបើអ្នកជ្រើសរើសផ្លូវផ្សេង និងបង្កើតជម្លោះនៅក្នុងគ្រួសារ ពីព្រោះតែភាពខុសគ្នានោះ វានឹងធ្វើអោយគ្រួសារទាំងមូលបែកបាក់ជាមិនខាន។ សូមទទួលយកនូវភាពខុសគ្នារបស់មនុស្សម្នាក់ៗ។ ការធ្វើបែបនេះ ជាការបង្កើតនូវសេចក្តីស្រឡាញ់ដ៏ល្អមួយ។ 

៦. គ្មានការសុំទោស និងគ្មានការអភ័យទោស

ការសុំទោស និងការអភ័យទោសជាជ័រដ៏ស្អិតដែលអាចរក្សាទំនាក់ទំនងនៅក្នុងរង្វង់គ្រួសារទាំងមូល។ គ្មាននរណាដែលល្អឥតខ្ចោះនោះទេ។ នៅដំណាក់កាលណាមួយ អ្នកអាចនឹងធ្វើអោយសមាជិកណាម្នាក់នៅក្នុងគ្រួសាររបស់អ្នកទទួលនូវការឈឺចាប់។ វាអាស្រ័យលើអ្នកក្នុងការនិយាយ​ពាក្យថា "ខ្ញុំសុំទោស"។ ពាក្យទាំងនោះអាចទៅផ្សះរបួសរបស់អ្នក ហើយអាចបង្កើតចំណងកាន់តែរឹង​មាំសម្រាប់គ្រួសារទាំងមូល។ នៅពេលដែលអ្នកនិយាយពាក្យថាសុំទោសទៅកាន់ក្រុមគ្រួសាររបស់អ្នក សារដែលអ្នកកំពុងតែបញ្ជូនទៅបុគ្គលម្នាក់នោះគឺមានន័យថាអ្នកយកចិត្តទុកដាក់ខ្លាំងទៅលើរឿងនោះ ហើយអ្នកមិនចង់អោយមានរឿងល្អក់កករណាមួយកើតឡើងរវាងអ្នក និងពួកគេនោះទេ។ 

ការដែលមិនសុំទោស នឹងបញ្ជូនសារទៅបុគ្គលនោះថា បុគ្គលទាំងនោះ ឬក៏អារម្មណ៍របស់បុគ្គលទាំងនោះមិនសំខាន់ទាល់តែសោះ។ ការដែលមិននិយាយពាក្យថាសុំទោស គឺជាកំហុស និងភាពទន់ខ្សោយរបស់អត្តចរិតអ្នក។  សូមតាំងខ្លួនអោយមាំ ហើយនិយាយពាក្យថាសុំទោស នៅពេលដែលអ្នកធ្វើរឿង​មិនល្អណាមួយ ទៅកាន់ក្រុមគ្រួសាររបស់អ្នក បើទោះជាពាក្យសម្តីដែលអ្នកនិយាយនោះ កើតចេញ​ដោយចេតនា ឬអចេតនាក៏ដោយ វាមិនមែនជាបញ្ហានោះទេ។ អ្វីដែលសំខាន់គឺអ្នកបាននិយាយ​ពាក្យសុំទោសចេញទៅហើយ។ អ្នកអាចពន្យល់ពីចេតនារបស់អ្នក ប៉ុន្តែអ្នកមិនអាចធ្វើអោយនរណាម្នាក់មានអារម្មណ៍ថាអ្នកមិនបានធ្វើខុសនោះទេ។ 

នៅពេលដែលនរណាម្នាក់និយាយសុំទោស សូមធ្វើជាមនុស្សម្នាក់ដែលមានអធ្យាស្រ័យល្អ។ មនុស្សក្នុងគ្រួសារ គឺត្រូវការជំនួយពីគ្នាទៅវិញទៅមក។ សូមកុំចងគំនុំ ព្រោះវាកាន់តែធ្វើអោយអ្នកមានបន្ទុក និងអាចធ្វើអោយប៉ះពាល់ដល់ក្រុម​គ្រួសារទៀតផង។ អភ័យទោស និងបង្ហាញពីការអធ្យាស្រ័យរបស់អ្នកដោយបញ្ចេញតាមរយៈសកម្មភាព និងពាក្យសម្តីរបស់អ្នក។ វាមានន័យថា នៅពេលដែលអ្នកភ្លេចហៅពួកគេអោយចូលរួម​កម្មវិធីថ្ងៃខួបកំណើតរបស់អ្នក អ្នកត្រូវតែសុំទោស ហើយសុំធ្វើកម្មវិធីជួបជុំគ្រួសារណាមួយផ្សេងទៀត​ដើម្បីប៉ះប៉ូវសងវិញ ដូចជាការអញ្ជើញពួកគេទៅញ៉ាំអាហារថ្ងៃត្រង់ជុំគ្នា។ សកម្មភាពមានន័យរាប់លានដងជាងពាក្យសម្តី ដូច្នេះសូមនិយាយពាក្យថាសុំទោស ដោយបញ្ចេញនូវសកម្មភាពអោយសមស្របជាមួយនឹងពាក្យសម្តីរបស់អ្នក។ 

Sok Phalla

Sok Phalla

No comments:

Post a Comment

Powered by Blogger.