វិធីសាស្ត្រទាំង៩ក្នុងការនិយាយប្រកបដោយភាពជឿជាក់
ភាពជឿជាក់ គឺជាកូនសោរដ៏សំខាន់សម្រាប់ជីវិតរបស់យើង ហើយវាគួរតែកើតឡើង នៅរាល់ពេលដែលអ្នកនិយាយ ឬធ្វើអ្វីមួយ។ ភាពជឿជាក់ គឺទាមទារអោយមាន នៅពេលដែលអ្នកធ្វើការ នៅពេលដែលអ្នកបង្កើតមិត្តភាព នៅពេលដែលអ្នកចង់បានការតម្លើងតំណែង ការជួបជាមួយនឹងមនុសុ្សដែលអ្នកពេញចិត្ត ឬសូម្បីតែនៅពេលដែលអ្នកទិញឡាន។ ដូច្នេះ វាគឺចាំបាច់ណាស់ដែលអ្នកត្រូវរៀន និយាយប្រកបដោយភាពជឿជាក់ ដើម្បីអោយជីវិតរបស់អ្នកទទួលបាននូវភាពជោគជ័យ។មធ្យោបាយមូលដ្ឋានភាគច្រើន ដែលអ្នកអាចបង្ហាញពីភាពជឿជាក់ គឺការធ្វើតាមរយៈការនិយាយ ពោលគឺពាក្យពេចន៍ដែលអ្នកប្រើ និងរបៀបដែលអ្នកនិយាយ វាជាអ្វីដែលអ្នកត្រូវរៀនជាចាំបាច់។ ខាងក្រោមនេះ គឺជាគន្លឹះសម្ងាត់ទាំង៩ ដែលអាចជួយអ្នកអោយនិយាយប្រកបដោយភាពជឿជាក់៖
១. ត្រូវនិយាយយឺតៗ
មនុស្សភាគច្រើនប្រញាប់សម្រុកទៅកាន់អ្វីដែលគេចង់និយាយ ជាពិសេសនៅពេលដែលពួកគេ មានអារម្មណ៍ថាភ័យ ឬរំភើបខ្លាំង។ ទាំងនេះនឹងធ្វើអោយអ្នកផ្សេងមើលឃើញថា អ្នកមិនអាចគ្រប់គ្រងខ្លួនឯងបាន និងមិនស្រួលក្នុងចិត្ត នេះមិនមែនជាអ្វីដែលភាពជឿជាក់បង្ហាញឡើងនោះទេ។ ប្រសិនបើអ្នកចង់ដឹងពីរបៀបក្នុងការនិយាយប្រកបដោយភាពជឿជាក់ អ្នកត្រូវតែដឹងពីសិល្បះនៃការនិយាយយឺតៗ។ទោះបីជាការនិយាយទាំងនោះ ស្ថិតនៅក្នុងចំណោមមនុស្សជាច្រើន ឬនៅក្នុងក្រុមរបស់មិត្ភភក្តិរបស់អ្នកក៏ដោយ អ្នកត្រូវតែនិយាយយឺតៗ ដោយមានការដកឃ្លាអោយបានគ្រប់គ្រាន់ពីមួយទៅមួយ។ នៅពេលដែលអ្នកនិយាយយឺតៗជាមួយនឹងអាកប្បកិរិយាមួយដែលសមរម្យ វានឹងប្រាប់អ្នកទាំងអស់គ្នាថា អ្នកពិតជាគ្រប់គ្រងខ្លួនឯងបានយ៉ាងល្អ និងថែមទាំងពោរពេញដោយទំនុកចិត្តទៀតផង។
២. អនុវត្តការមើលភ្នែករបស់អ្នកដទៃ
នៅពេលដែលអ្នកកំពុងនិយាយទៅកាន់នរណាម្នាក់ ព្យាយាមនិយាយដោយក្រលេកមើលភ្នែករបស់គេ ជាជាងក្រលេកមើលឆ្វេងស្តាំ និងក្រលេកមើលទៅស្បែកជើងរបស់អ្នក។ មនុស្សដែលមិនមានភាពស្ទាក់ស្ទើរក្នុងការក្រលេកទៅមើលភ្នែករបស់អ្នកដទៃនៅពេលនិយាយ គឺជាមនុស្សម្នាក់ដែលស្មោះត្រង់ ព្រមទាំងមានភាពជឿជាក់លើខ្លួនឯងទៀតផង។នៅពេលដែលអ្នកកំពុងរៀនពីរបៀបក្នុងការនិយាយប្រកបដោយជំនឿជាក់ អ្នកត្រូវតែរៀនពីការមើលទៅអ្នកដែលកំពុងស្តាប់អ្នក។ គ្មានអ្វីដែលអាចជួយអ្នកក្នុងការបង្ហាញភាពជឿជាក់ចេញមកក្រៅ ជាងការដែលអាចទំនាក់ទំនងជាមួយនឹងអ្នកដែលកំពុងស្តាប់អ្នកនោះទេ។
៣. រៀនក្នុងការចាប់ផ្តើមនិយាយនៅពេលណាមួយដែលសាកសម
ការដឹងថាតើពេលណាគួរចាប់ផ្តើមក្នុងការនិយាយ ក៏ចាំបាច់ដែរក្នុងការនិយាយប្រកបដោយភាពជឿជាក់។ ការដែលប្រញាប់និយាយពេក ឆ្លើយតបភ្លាមៗបន្ទាប់ពីមានសំណួរចោទសួរ គឺជាសញ្ញាដែលបង្ហាញពីភាពច្របូកច្របល់ និងការបាត់បង់ការគ្រប់គ្រងលើខ្លួនឯង។ អ្វីដែលអ្នកត្រូវរៀន ប្រសិនបើអ្នកចង់ទទួលបាននូវភាពជឿជាក់ក្នុងការនិយាយ គឺអ្នកត្រូវដឹងថាពេលណាដែលអ្នកត្រូវនិយាយ។ ការផ្អាកការនិយាយនៅពេលវេលាណាមួយដ៏សមរម្យ គឺជារឿងសំខាន់ណាស់។ នៅពេលដែលអ្នកត្រូវបានគេឧទ្ទេសនាមជាសាធារណៈ អ្នកគួរតែរង់ចាំ ២ ឬ៣វិនាទីសិន មុននឹងចាប់ផ្តើមនិយាយ។ ទាំងនេះនឹងអាចផ្តល់ពេលវេលាអោយអ្នកក្នុងការគិតថា តើអ្នកត្រូវនិយាយពីអ្វី និងដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នកស្តាប់។៤. អ្នកមិនចាំបាច់និយាយលឺពេកនោះទេ
ការនិយាយប្រកបដោយភាពជឿជាក់ គ្មានអ្វីទាក់ទងនឹងការបញ្ចេញសម្លេងលឺៗនោះទេ។ ប្រសិនបើអ្នកមិនត្រូវនិយាយនៅក្នុងចំណោមមនុស្សច្រើនដោយមិនប្រើឧបករណ៍បំពងសម្លេង អ្នកមិនគួរនិយាយលឺពេកនោះទេ។ និយាយយឺតៗ និងក្នុងកម្រិតមួយធម្មតាដែលអ្នកដទៃអាចស្តាប់លឺគឺគ្រប់គ្រាន់ហើយ ការនិយាយលឺៗមិនអាចធានាថា ពាក្យពេចន៍របស់អ្នក មានសារសំខាន់ និងមានប្រយោជន៍នោះទេ។ ការនិយាយនៅក្នុងកម្រិតមួយដែលមានស្ថេរភាព វាគឺល្អគ្រប់គ្រាន់ហើយក្នុងការសម្តែងពីនូវកម្រិតភាពជឿជាក់របស់អ្នកទៅកាន់អ្នកស្តាប់។៥. ដកដង្ហើមធំ ប្រសិនបើចាំបាច់
ការដកដង្ហើមពិតជាសំខាន់ មិនមែនសម្រាប់តែជីវិតប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ការសន្ទនារបស់អ្នកក៏ដូច្នោះដែរ។ ដកដង្ហើមនៅពេលណាដែលចាំបាច់ ពីព្រោះវាអាចជួយអ្នកក្នុងការគិតពីពាក្យពេចន៍ និងអាចបញ្ឈប់អ្នកពីការនិយាយលឿនបានទៀតផង។ ក្រៅពីនេះ ការដកដង្ហើមធំ នៅពេលដែលអ្នកកំពុងនិយាយ នឹងអាចជួយបន្ធូរអារម្មណ៍ដ៏តឹងតែងរបស់អ្នកបាន។ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងផ្តល់ពេលវេលា ២វិនាទីដល់អ្នកក្នុងការគិតពីអ្វីដែលអ្នកត្រូវនិយាយបន្ទាប់ ជាពិសេសនៅពេលណាដែលអ្នកមិនដឹងថាត្រូវនិយាយពីអ្វីបន្តទៀត។៦. មិនត្រូវប្រើពាក្យដែលបង្ហាញពីការស្ទាក់ស្ទើរឡើយ
យើងគ្រប់គ្នាតែងតែប្រើពាក្យថា "ហ៊ឺ... ឬ អឹ....." នៅពេលដែលយើងនិយាយ ហើយពាក្យទាំងនេះ គឺមិនគួរបញ្ចេញមកទាល់តែសោះ ប្រសិនបើអ្នកចង់អោយការនិយាយរបស់អ្នកពោរពេញដោយភាពជឿជាក់។ ប្រសិនបើអ្នក រកនឹកមិនឃើញថាត្រូវនិយាយពីអ្វីបន្តទៀត ជំនួសដោយការបញ្ចេញពាក្យខាងលើ អ្នកអាចឈប់បនិ្តចសិនបាន។ ការឈប់បន្តិចនេះ នឹងធ្វើអោយអ្នកអាចសម្រាកបានខ្លះ និងអាចរកនូវពាក្យពេចន៍ក្នុងការនិយាយបន្តទៅទៀត ជាជាងការប្រើប្រាស់ពាក្យខាងលើ ព្រោះវាអាចធ្វើអោយអ្នកស្តាប់គិតថាអ្នកភ័យ។៧. រៀបចំការឈរបស់អ្នកអោយបានល្អបំផុត
ការឈរបស់អ្នក គឺជាចំណុចដ៏សំខាន់បំផុតក្នុងការបង្ហាញពីជំនឿជាក់របស់អ្នក។ ប្រសិនបើអ្នកមានទំលាប់មិនស្វាហាប់ នោះពាក្យសំដីរបស់អ្នក មិនថាវាខ្លាំង ឬមានឥទ្ធិពលប៉ុណ្ណានោះទេ វានឹងមិនមានអ្វីទាក់ទាញអ្នកស្តាប់នោះឡើយ។ អ្នកត្រូវតែពង្រឹងទៅលើការឈររបស់អ្នក មានន័យថា អ្នកត្រូវឈរអោយត្រង់ខ្លួន គ្រប់ពេលតាមដែលអាចធ្វើទៅបាន ហើយរក្សាជំហរនេះនៅពេលណាដែលអ្នកនិយាយទៅកាន់អ្នកដទៃ។ កាយវិការរបស់អ្នកត្រូវតែមើលទៅមានឥទ្ធិពលដូចជាពាក្យសំដីរបស់អ្នក ទើបអ្នកអាចទទួលបាននូវភាពជឿជាក់។៨. ត្រូវគិតពីអ្នកស្តាប់ជានិច្ច
នៅពេលដែលអ្នកកំពុងនិយាយទៅកាន់នរណាម្នាក់ អ្នកត្រូវសង្កេតមើលពីការបញ្ចេញអាកប្បកិរិយារបស់គេ ព្រមទាំងគិតពីពាក្យពេចន៍របស់អ្នក។ ការនិយាយដែលប្រកបដោយភាពជឿជាក់ មិនមែនមានន័យថា អ្នកអាចនិយាយអ្វីដែលអ្នកចង់និយាយនោះទេ អ្នកត្រូវតែគិតពីអ្នកស្តាប់ដែលកំពុងតែពិចារណាលើសំដីរបស់អ្នក។ ក្រលេកមើលទៅនរណាដែលអ្នកកំពុងតែនិយាយជាមួយ ប្រសិនបើអ្នកស្តាប់ទាំងនោះហាក់រីករាយនឹងពាក្យសំដីរបស់អ្នក នោះវានឹងធ្វើអោយអ្នកកាន់តែមានភាពទុកចិត្តលើខ្លួនឯងមួយកម្រិតទៀត។
៩. ដឹងច្បាស់ពីសម្លេងរបស់ខ្លួនឯង
វាគឺជារឿងមួយដ៏សំខាន់ ដែលអ្នកត្រូវដឹងថា សម្លេងរបស់អ្នកយ៉ាងម៉េចដែរ ដូច្នេះអ្នកគួរតែហាត់សមដោយខ្លួនឯងជាមុនសិន ជាពិសេសមុនពេលដែលអ្នកត្រូវឡើងនិយាយជាសាធារណៈ។ ការអនុវត្តដោយខ្លួនឯង មិនត្រឹមតែអាចជួយអ្នកអោយដឹងពីសម្លេងរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយអ្នកដឹងពីចំណុចខ្សោយរបស់ខ្លួនឯង ដឹងថាតើអ្នកអាចនិយាយបានយូរប៉ុណ្ណា ហើយថាតើមានពាក្យណាដែលអ្នកមិនដឹងថាត្រូវបញ្ចេញសម្លេងបែបម៉េចដែរឬទេ។ ទោះបីជាអ្នកត្រូវទៅនិយាយនៅក្នុងចំណោមមនុស្សដ៏ច្រើន ឬតិចក៏ដោយ ការហាត់សមជាមុន នឹងផ្តល់អោយអ្នកនូវគំនិតល្អៗក្នុងការបញ្ចេញសម្លេងក៏ដូចជាការរៀបចំពាក្យពេចន៍ក្នុងការនិយាយ។
សូមចុចទីនេះដើម្បីទៅអានប្រភពដើមជាភាសាអង់គ្លេស
សូមចុចទីនេះដើម្បីទៅអានប្រភពដើមជាភាសាអង់គ្លេស
No comments:
Post a Comment