អត្ថបទថ្មីៗ
recent

ទម្លាប់មួយដែលជួយអោយកូនលោកអ្នកក្លាយជាក្មេងដែលមានអាកប្បកិរិយាល្អ

ទម្លាប់មួយដែលជួយអោយកូនលោកអ្នកក្លាយជាក្មេងដែល​មានអាកប្បកិរិយាល្អ

Image result for parents with little kids at dinner time

 ការចិញ្ចឹមបីបាច់ថែទាំកូននៅក្នុងសង្គមដ៏មមាញឹកដូចសព្វថ្ងៃនេះ គឺជួបប្រទះនឹងភាពលំបាក​ច្រើនជាងកាលពី ២០ ទៅ ៣០ឆ្នាំមុន។ យើងសព្វថ្ងៃ មានការងារដែលត្រូវធ្វើច្រើនណាស់ មាន​ការរំខានមិនឈប់មិនឈរពីទូរសព្ទ និងបច្ចេកវិទ្យាដទៃទៀត ហើយនិយាយជារួមមកគឺមានជីវិត​ដែលពោរពេញទៅដោយភាពមមាញឹក។ មួយភាគធំ ឪពុកម្តាយត្រូវចិញ្ចឹមកូន ហើយការកំណត់​វិន័យចំពោះកូនគឺជាចំណែកដ៏សំខាន់មួយនៅក្នុងការចិញ្ចឹមបីបាច់នោះ។ 

ជាអកុសល បញ្ហាដែលទាក់ទងនឹងអាកប្បកិរិយារបស់ក្មេងៗ គឺក្លាយជារឿងទូទៅសម្រាប់សង្គម​នាពេលបច្ចុប្បន្ន ប៉ុន្តែ ទម្លាប់ដ៏សាមញ្ញមួយនេះ នឹងអាចជួយក្នុងការធ្វើអោយកូនរបស់លោក​អ្នកមានចរិតល្អ៖ ទម្លាប់នេះគឺចាប់ផ្តើមជាមួយនឹងការអង្គុយញ៉ាំអាហារពេលល្ងាចជាមួយគ្នា។

អ្នក​ប្រហែលជាសួរខ្លួនឯងថា "តើវាមានទំនាក់ទំនងអីនឹងការញ៉ាំអាហារពេលល្ងាចនោះ?" របាយ​ការណ៍មួយដែលត្រូវបានផ្សព្វផ្សាយដោយ​ the National Center on Addiction and Substance Abuse នៃសាកលវិទ្យាល័យកូឡុំប៊ី បានលើកឡើងថា៖

"ការចំណាយពេលញ៉ាំអាហារពេលល្ងាចជាមួយគ្រួសារ យ៉ាងហោចណាស់៥ដងក្នុងមួយសប្តាហ៍ អាចកាត់​បន្ថយឱកាសក្នុងការជក់បារី ការញ៉ាំគ្រឿងស្រវឹង និងការប្រើប្រាស់គ្រឿងញៀន​របស់​យុវវ័យបាន​យ៉ាងមានប្រសិទ្ធិភាព។ យុវវ័យដែលញ៉ាំអាហារពេលល្ងាចជាមួយគ្រួសារតិចជាង៣​ដងក្នុងមួយសប្តាហ៍ គឺមានទំនោរស្មើនឹង៣.៥ដងច្រើនជាងអ្នកដទៃក្នុងការប្រើប្រាស់ថ្នាំដែលមិន​មានការចេញវេជ្ជបញ្ជាត្រឹមត្រូវ​ និងថ្នាំដែលខុសច្បាប់ ៣ដងច្រើនជាងអ្នកដទៃក្នុងការប្រើប្រាស់​កញ្ឆា ២.៥ដងក្នុងការជក់បារី និង១.៥ដង ក្នងការសាកល្បងញ៉ាំរបស់ដែលមានជាតិ​អាល់កុល ហើយនិង ២០%ក្នុងការទទួលបានកម្រិតC ឬទាបជាងហ្នឹងចំពោះលទ្ធផលនៃការសិក្សា​របស់​គេ"។ 

ក្រៅពីការកាត់បន្ថយឱកាសនៃការប្រើប្រាស់សារធាតុញៀន ក្មេងដែលបានញ៉ាំអាហារជាមួយនឹង​គ្រួសាររបស់គេ យ៉ាងហោចណាស់ ៥ដងក្នុងមួយសប្តាហ៍ កាត់បន្ថយហានិភ័យនៃការវិវឌ្ឍន៍​នៃជំងឺធាត់ និងការទទួលទានអាហារមិនត្រឹមត្រូវ ការពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ ការមិនអោយ​តម្លៃខ្លួនឯង រៀនខ្សោយ មានផ្ទៃពោះទាំងនៅក្មេងវ័យ និងការទទួលនូវសំពាធពីមិត្តភក្តិរបស់គេ។ 

ដូច្នេះ រឿងតិចតួចដែលសាមញ្ញដូចជាការញ៉ាំអាហារពេលល្ងាចជាមួយនឹងគ្រួសារ អាច​ផ្តល់ផល​ប្រយោជន៍ជាច្រើនដល់ក្មេងៗតាមរូបភាពជាច្រើន ហើយថែមទាំងជួយពួកគេមានជីវិតដ៏ល្អប្រពៃ និងជួយជុំរុញទស្សនវិស័យផ្ទាល់ខ្លួនរបស់គេទៀតផង។ ក្មេងៗត្រូវការស្ថេរភាព និងពេលវេលា​ជាមួយនឹងគ្រួសាររបស់គេ ហើយនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ ពេលវេលាសម្រាប់ញ៉ាំ​អាហារពេលល្ងាច ជាទូទៅជាឱកាសតែមួយគត់ដែលអាចធ្វើអោយទំនាក់ទំនងរបស់សមាជិក​គ្រួសារកាន់តែល្អ និងជាពេលវេលាដែលអាចចែករំលែកបទពិសោធន៍ និងគំនិតផ្សេងៗពីជីវិត​របស់ពួកគេ។ 

ឪពុកម្តាយសម័យនេះ ចំណាយពេលធ្វើការងារច្រើនជាងពេលមុន ហើយក្មេងៗត្រូវរៀបចំអាហារ​ដោយខ្លួនឯង ឬក៏ត្រូវអាហារដែលឪពុកម្តាយរបស់គេទិញពីក្រៅអោយ។ ប៉ុន្តែ អាហារដែលមាន​ជាតិខ្លាញ់ច្រើន នឹងបណ្តាលអោយមានបញ្ហាសុខភាព នេះមិនគិតដល់ការដែលទិញអាហារមកពី​ក្រៅច្រើនធ្វើអោយប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុរបស់គ្រួសារអ្នកផង។ សូមគិតពីរឿងនេះម្តង​ទៀត៖ នៅផ្ទះរបស់អ្នក អ្នកអាចចំអិនអាហារសម្រាប់អ្នកគ្រប់គ្នាដោយគ្រាន់តែចំណាយគ្រឿង​ទេសបន្តិចបន្តួចប៉ុណ្ណោះ ហើយប្រសិនបើនៅសល់ អ្នកអាចទុកវាញ៉ាំពេលយប់ទៀតក៏បានដែរ។ នៅពេលដែលអ្នកសម្រេចចិត្តថាទៅញ៉ាំនៅខាងក្រៅ ជាមធ្យមអ្នកត្រូវចំណាយប្រហែល ៨ដុល្លារ ហើយអាហារនោះ អ្នកអាចញ៉ាំបានតែមួយពេលតែប៉ុណ្ណោះ។ 

នៅពេលដែលអ្នកចំអិនអាហារនៅផ្ទហ អ្នកអាចទទួលបាននូវអត្តប្រយោជន៍ជាច្រើន ដែលអ្នកមិន​អាចទទួលបាននៅពេលដែលអ្នកកម៉្មងម្ហូបនៅខាងក្រៅ ដូចជា៖ អ្នកអាចរៀបចំអាហារជាមួយគ្នា​ ដែលអាចផ្តល់អោយគ្នានៅពេលវេលាដ៏ស្អិតរមួត អ្នកមានពេលច្រើនក្នុងការញ៉ាំអាហាររបស់អ្នក​ដោយមិនបាច់ប្រញាប់ប្រញាល់ អ្នកអាចជ្រើសរើសគ្រឿងផ្សំទាំងឡាយណាដែលអ្នកចូលចិត្ត ដែលធ្វើអោយសុខភាពរបស់អ្នកកាន់តែល្អ ហើយអ្វីដែលសំខាន់ជាងគេបំផុតនោះគឺ គ្រួសារទាំង​មូលអាចចំណាយពេលជាមួយគ្នា ហើយក្មេងៗនឹងមានអារម្មណ៍ថាកក់ក្តៅ និងកាន់តែមានភាព​ស្និតស្នាលជាមួយនឹងឪពុកម្តាយរបស់គេ។

ដូច្នេះ​ តើត្រូវធ្វើអ្វីដើម្បីអោយអាហារពេលល្ងាចរបស់អ្នកទទួលបាននូវភាពជោគជ័យ? វាមិនច្រើន​នោះទេ ការពិតទៅ គ្រាន់តែការយកចិត្តទុកដាក់របស់អ្នក ឆន្ទៈក្នុងការបត់បែនពេលវេលារបស់អ្នក និងសមត្ថភាពក្នុងការរៀបចំអាហារសុខភាពសម្រាប់គ្រួសាររបស់អ្នកតែប៉ុណ្ណោះ។ 


ចំអិនអាហារដែលសាមញ្ញៗ

កុំទៅចំណាយពេលធ្វើតាមវិធីចំអិនដែលមានភាពស្មុគស្មាញ ហើយចំណាយពេលច្រើននៅក្នុង​ចង្រ្កានអី អ្នកគ្រាន់តែធ្វើម្ហូបណាដែលសាមញ្ញប្រើប្រាស់គ្រឿងផ្សំងាយៗ ដើម្បីអោយគ្រួសារ​របស់អ្នកអាចញ៉ាំយ៉ាងសប្បាយរីករាយ។ ហើយអ្នកគួរតែចំអិនអាហារបន្ថែមដើម្បីទុកសម្រាប់​ពេលយប់ ដែលធ្វើអោយការចំណាយចំពោះការចំអិនកាន់តែសាមញ្ញ។

កុំនាំយកបច្ចកេវិទ្យាទៅតុញ៉ាំអាហារពេលល្ងាចរបស់អ្នក

ដើម្បីធ្វើអោយកូនៗរបស់អ្នកមានទំនាក់ទំនង និងកាន់តែជិតស្និតជាមួយអ្នក ការបិតនូវប្រព័ន្ធ​បច្ចេកវិទ្យាគឺជារឿងដ៏សំខាន់បំផុត។ ការមើលអ៊ីម៉ែល ហ្វេសប៊ុក និងបណ្តាញសង្គមដទៃទៀត អាចធ្វើអោយប៉ះពាល់ និងរំខានដល់ពេលវេលាក្នុងការបង្កើតភាពស្និតស្នាលក្នុងរង្វង់គ្រួសាររបស់​អ្នក។ គួរតែធ្វើយ៉ាងណាទុកប្រព័ន្ធបច្ចេកវិទ្យាមួយឡែកសិន ហើយផ្តោតអារម្មណ៍ទៅលើកូនរបស់​អ្នកអោយច្រើន នៅពេលដែលអ្នកកំពុងតែនៅជាមួយពួកគេ។ អ៊ីម៉ែល និងហេ្វសប៊ុកនឹងនៅ​ជាមួយអ្នកជានិច្ចបើទោះបីជាពេលវេលាសម្រាប់ញ៉ាំអាហារពេលល្ងាចបានបញ្ចប់ក៏ដោយ ប៉ុន្តែ​កូនរបស់អ្នកនឹងធំធាត់យ៉ាងលឿនបំផុត ហើយពួកគេត្រូវការការយកចិត្តទុកដាក់ និងការគាំទ្រ​យ៉ាងពេញទំហឹងពីអ្នក ជាពិសេសនៅពេលដែលគេនៅក្មេង។ 

អោយអ្នកទាំងអស់គ្នាមកជួយអ្នក

ចាត់ចែងអោយកូនរបស់អ្នកធ្វើការងាយៗមួយចំនួន​ ធ្វើបែបនេះអ្នកនឹងមិនចាំបាច់រៀបចំអាហារ និងធ្វើការសំអាតតែម្នាក់ឯងនោះទេ។ ការធ្វើបែបនេះ នឹងបង្រៀនអោយពួកគេមានទំនួលខុសត្រូវ ហើយវាថែមទាំងធ្វើអោយគ្រួសារទាំងមូលចេះធ្វើការងារជាក្រុមដែលនាំអោយពួកគេមានភាពជិត​ស្និតនឹងគ្នាកាន់តែខ្លាំង។ 

អនុញ្ញាតអោយអ្នកគ្រប់គ្នាចូលរួមក្នុងការសន្ទនា

 នៅក្នុងពិភពលោកដែលដើរទៅមុខឥតឈប់ឈររបស់យើងនេះ ជួនកាលវាហាក់បីដូចជាមិន​ប្រក្រតីក្នុងការបន្ថយល្បឿន និងការបញ្ឈប់ការជជែកដែលមាននៅក្នុងរបស់ខួរក្បាល​របស់​យើង​នោះទេ។ ការដែលអនុញ្ញាតអោយអ្នកគ្រប់គ្នាមានឱកាសនិយាយ ហើយយើងចំណាយពេលស្តាប់ វាគឺមានសារសំខាន់ណាស់សម្រាប់ការវិវឌ្ឍន៍របស់កូនៗរបស់អ្នក ហើយវាថែមទាំងធ្វើអោយការ​សន្ទនាកាន់តែប្រសើរឡើងនៅតុអាហាររបស់អ្នក។ អនុញ្ញាតអោយអ្នកគ្រប់គ្នានិយាយ ហើយ​លើកទឹកចិត្តអោយកូនរបស់អ្នកចែករំលែកនូវរឿងផ្ទាល់ខ្លួន និងជីវិតរបស់ពួកគេ។ 

ខណៈដែលគ្មានគ្រួសារណាដែលល្អឥតខ្ចោះ គ្រាន់តែការអង្គុយជាមួយគ្នាដើម្បីញ៉ាំអាហារពេល​ល្ងាចជាមួយនឹងគ្រួសារក៏អាចធ្វើអោយមានការផ្លាស់ប្តូរនៃការទាក់ទង និងទំនាក់ទំនងរវាងគ្នា​នឹងគ្នាបានដែរ។




















Sok Phalla

Sok Phalla

No comments:

Post a Comment

Powered by Blogger.