អត្ថបទថ្មីៗ
recent

វិធីសាស្ត្រក្នុងការដោះស្រាយជាមួយនឹងមិត្តរួមការងារដែលគួរអោយរំខាន

វិធីសាស្ត្រក្នុងការដោះស្រាយជាមួយនឹងមិត្តរួមការងារដែល

គួរអោយរំខាន

 

នៅគ្រប់កន្លែងការងារ តែងតែមានមនុស្សដែលឈ្លើយ និងមានអំនួតជ្រុលលើខ្លួនឯង ដែលតែង​តែព្យាយាមធ្វើជាមនុស្សល្អនៅចំពោះមុខរបស់ចៅហ្វាយនាយ។ មិនត្រឹមតែប៉ុណ្ណឹងទេ ការបន្តុះ​បង្អាប់អ្នកដទៃ ក៏ជាចំនូលចិត្តរបស់គេដែរ។ អ្នកមិនអាចគេចផុតពីពពួកមនុស្សប្រភេទនេះទេ (ទោះជាអ្នកលាឈប់ពីការងារ ក៏មិនអាចគេផុតបានដែរ ព្រោះគ្រប់កន្លែងការងារ តែងតែមាន​មនុស្សដែលមានចរិតលក្ខណៈបែបហ្នឹង) ហើយអ្នកក៏មិនអាចផ្សាល់ប្តូរពួកគេបានដែរ។ ស្រប​ពេលជាមួយគ្នានោះដែរ អ្នកមិនអាចអនុញ្ញាតអោយគេបំពានលើផ្លូវចិត្តរបស់អ្នកបានឡើយ។ មានរឿងមួយដែលអ្នកអាចធ្វើបាន គឺ ផ្លាស់ប្តូរខ្លួនរបស់អ្នក។ សូមស្វែងរកវិធីសាស្ត្រដ៏ល្អក្នុងការ​ដោះស្រាយជាមួយមិត្តរួមការងារដែលគួរអោយរំខានទាំងនោះ។

វិធីសាស្ត្រក្នុងការដោះស្រាយមានដូចជា៖

១. ត្រូវចេះគ្រប់គ្រងលើអារម្មណ៍ខ្លួនឯង

តើអាកប្បកិរិយារបស់គេរំខានអ្នកមែនទេ? កុំអោយរឿងបែបនោះមករំខានការងាររបស់អ្នក។ រឿង​ដែលល្អបំផុតដែលអ្នកអាចធ្វើបានគឺ ដាក់អារម្មណ៍ដែលវិជ្ជមានទៅតាមកាលៈទេសៈ តាមរយៈការ​ធ្វើចិត្តអោយត្រជាក់ និងអំណត់។ ប្រសិនបើអ្នកមិនអាចធ្វើចិត្តខ្លួនឯងអោយត្រជាក់ទេ អ្នកគួរតែ​រកជំនួយពីការធ្វើលំហាត់ប្រាណនៃការដកដង្ហើមអោយវែងៗជំនួសវិញ។ អ្វីដែលល្អបំផុត ដែល​អ្នកអាចធ្វើគឺ មិនត្រូវមានប្រតិកម្មភ្លាមៗ និងត្រូវធ្វើចិត្តអោយត្រជាក់។ នៅពេលដែលអ្នកមិន​ឆ្លើយ​តបភ្លាមៗ នោះបញ្ហាទាំងនោះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នក។ ហើយខ្ញុំជឿជាក់ថា ការដែលមើលឃើញអ្នកមិនមានរង្គោះរង្គើនឹងអាកប្បកិរិយារបស់គេ នឹងធ្វើអោយគេមានអារម្មណ៍​ថាគេមិនអាចធ្វើបាបអ្នកងាយៗនោះទេ។ 

២. និយាយចំៗ!

ប្រសិនបើ មិត្តរួមការងារដែលមានចរិតគិតថាខ្លួនឯងចេះតែឯង កំពុងតែឆ្លងនូវគំនូសព្រំដែនរបស់​គេ ហើយអ្នកមានអារម្មណ៍ថាមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន អ្នកគួរតែទៅនិយាយចំៗទៅ​កាន់ពួកគេ និងប្រាប់ពីនូវអ្វីដែលប៉ះពាល់អារម្មណ៍របស់អ្នក។ ជំនួសអោយការឈ្លោះប្រកែកគ្នា​នៅក្នុងការិយាល័យ អ្នកគួរតែនាំពួកគេទៅកន្លែងដែលស្ងាត់ ឬហាងកាហ្វេ ដើម្បីសួរនាំ ឬក៏​ពិភាក្សាត្រង់ៗនូវបញ្ហានោះ។

៣. កំណត់ពីព្រំដែន

នៅពេលដែលអ្នកធ្វើការនៅកន្លែងណាមួយ អ្នកត្រូវតែដឹងពីសិទ្ធិជានិយោជិត។ មិនត្រូវអោយ​នរណាម្នាក់បំផ្លាញយើងទេ។ រៀនក្នុងការនិយាយពីសិទ្ធិរបស់អ្នក បើមិនចឹងទេអ្នកនឹងក្លាយជា​មនុស្សដែលគួរអោយអាណិតបំផុត។ ស្របពេលជាមួយគ្នានេះដែរ វាកាន់តែប្រសើរប្រសិនបើអ្នក​អាចធ្វើអោយមិត្តរួមការងារដ៏ឈ្លើយម្នាក់នោះដឹងពីព្រំដែនរបស់គេ។ បញ្ជាក់ប្រាប់គាត់ពីដំបូង​ កុំអោយគាត់មកនិយាយជាមួយអ្នកពីបញ្ហាផ្សេងៗក្រៅពីរឿងការងារ។

៤. ផ្លាស់ប្តូរនូវការផ្តោតអារម្មណ៍របស់អ្នក

នៅពេលដែលអ្នកកំពុងធ្វើការជានិយោជិត ការផ្តោតអារម្មណ៍របស់អ្នកគួរតែទៅលើការងារ និងការរីកចម្រើនរបស់ក្រុមហ៊ុន និងមិនមែនទៅលើអ្វីដែលអ្នកគ្រប់គ្នាកំពុងធ្វើនោះទេ។ ផ្លាស់ប្តូរ​ការផ្តោតអារម្មណ៍របស់អ្នកទៅលើសកម្មភាពរបស់មិត្តរួមការងាររបស់អ្នក ទៅជាទៅលើការ​បំពេញការងាររបស់អ្នក ហើយអ្នកនឹងសម្គាល់ឃើញថា គេនឹងមិនហ៊ានមករំខានអ្នកទេ។

៥. ផ្លាស់ប្តូរនាយកដ្ឋាន

 ប្រសិនបើការផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់អ្នកមិនបានសម្រេច សូមពិចារណាពីការផ្លាស់ប្តូរ​នាយកដ្ឋានវិញម្តង។ ដោយសារតែវាមិនគ្រាន់តែដើម្បីដោះស្រាយជាមួយនឹងមិត្តរួមការងារដ៏គួរ​អោយរំខានរបស់អ្នកទេ តែវាក៏ទាក់ទងនឹងការបំពេញការងាររបស់អ្នកផងដែរ។ ប្រសិនបើបញ្ហា​របស់អ្នកនៅតែកើតមាន វាអាចប៉ះពាល់ដល់គុណភាពការងាររបស់អ្នក។ ជាធម្មតា ការិយាល័យ​តែងតែមានបែកចែកជានាយកដ្ឋាន និងផ្នែកផ្សេងៗគ្នា។ ប្រសិនបើអ្នកកំពុងធ្វើការនៅក្នុងស្ថាន​ភាពបែបនេះ អ្នកគួរតែស្នើសុំអ្នកគ្រប់គ្រងរបស់អ្នកដើម្បីទៅធ្វើការនៅនាយកដ្ឋានផ្សេង។

៦. ត្រូវធ្វើល្អដាក់ពួកគេ

ការដែលបង្ហាញប្រាប់អ្នកដទៃថាអ្នកជាមនុស្សដែលមានសន្តានចិត្ត និងគួរជាទីស្រឡាញ់អាច​ជួយ​អ្នកបានច្រើន។ ឧទាហរណ៍ដូចជាចែករំលែកអាហារជាមួយនឹងមិត្តរួមការងារ ឬយកនំដែលធ្វើនៅ​ផ្ទះ (ឬរបស់អ្វីមួយផ្សេង) មកអោយពួកគេម្តង ឬពីរដងក្នុងមួយខែ។ នេះក៏ជាវិធីសាស្ត្រដ៏ល្អមួយ​ក្នុងការអភិវឌ្ឍន៍រឿងល្អៗជាមួយពួកគេ។

៧. ចែករំលែកការគិតរបស់អ្នកទៅមិត្តរបស់អ្នក

នៅពេលដែលអ្នកឃើញថា អ្នកស្ថិតនៅក្នុងស្ថានភាពដែលមិនអាចជួយបាន វាជារឿងមួយដ៏ល្អ​ក្នុងការចែករំលែកការគិតរបស់អ្នកជាមួយនឹងមិត្តភក្តិជិតស្និតរបស់អ្នក (មិត្តផ្សេងក្រៅពីមិត្តរួមការ​ងារ)។ ជួនកាល ការស្នើសុំយោបល់ពីអ្នកខាងក្រៅ អាចជួយក្នុងការពង្រឹងស្មារតីរបស់អ្នក។ មិនត្រូវនិយាយដើមពីមិត្តរួមការងារដ៏គួរអោយរំខាននោះប្រាប់មិត្តរួមការងារដទៃទៀតរបស់អ្នក​នោះទេ។ វាអាចធ្វើអោយប៉ះពាល់ដល់កិត្តិយសរបស់អ្នកក្នុងពេលដ៏យូរអង្វែង។ ហើយនឹងមាន​មនុស្សមួយចំនួនគិតថាអ្នកជាមនុស្សដែលមានគំនិតអវិជ្ជមាន។ 

៨. គ្មាននរណាដែលល្អឥតខ្ចោះនោះទេ!

តើអ្នកកំពុងតែស្វែងរកមនុស្សដែលពូកែរំខាន និងពិបាកក្នុងការទ្រាំជាមួយមែនទេ? វាមិនមែនមាន​ន័យថាអ្នកជាមនុស្សដែលល្អឥតខ្ចោះនោះទេ។ ធ្វើចិត្តអោយត្រជាក់ ហើយក្រឡេកមើលខ្លួនឯង​សិន។ អ្នកក៏ជាមនុស្សដែលមានចំនុចមិនល្អជាច្រើន។ ព្យាយាមបន្ថែមនូវធាតុផ្សំវិជ្ជមានទៅលើ​ចរិតលក្ខណៈរបស់អ្នកដូចជា ការអត់ធ្មត់ សុភាពរាបសារ និងក្រមវិជ្ជាជីវៈ។ វាមិនត្រឹមតែអាច​បង្ហាញនូវផ្លូវក្នុងការដោះស្រាយជាមួយនឹងមនុស្សដែលគួរអោយរំខានប៉ុណ្ណោះទេ តែវាថែមទាំង​ជួយបង្កើតបរិយាកាសការងារល្អទៀតផង។ 

៩. ស្វែងរកនូវចំណូលចិត្តរបស់ខ្លួនឯង

វាអាចមានចំណុចជាច្រើនដែលអ្នកមិនយល់ស្របជាមួយនឹងមនុស្សដែលគួរអោយរំខានម្នាក់នោះ (សម្រាប់ខ្លួនអ្នក) នៅក្នុងការិយាល័យ។ ប៉ុន្តែមិនមែនមានន័យថា អ្នកគ្មានចំណុចដូចគ្នាជាមួយ​នឹងពួកគេនោះទេ។ ព្យាយាមរកនូវចំណូលចិត្តជារួមរបស់អ្នក។ ប្រសិនបើអ្នកអាចរកឃើញខ្លះ ពិភាក្សារឿងនោះជាមួយពួកគេ ក៏អាចធ្វើអោយបញ្ហារវាងអ្នក និងគេប្រសើរឡើងដែរ (ទោះបីជាវា​បរាជ័យ តែយ៉ាងហោចណាស់ក៏អ្នកបានព្យាយាមធ្វើវាដែរ)។

១០. ការនិយាយដើម និងកន្លែងការងារ  មិនទៅណាឆ្ងាយគ្នាឡើយ

ជាញយដង មនុស្សដែលតាមរំខានអ្នក តែងតែនិយាយដើមពីអ្នក។ គ្រប់កន្លែងធ្វើការទាំងអស់​តែងតែមានក្រុមអ្នកនិយាយដើមទេ។ ប្រសិនបើអ្នកស្ថិតនៅក្នុងក្រុមនោះ អ្នកមិនអាចផ្តោត​អារម្មណ៍ធ្វើការបាននោះទេ។ ប៉ុន្តែប្រសិនបើអ្នកមិនមែនជាផ្នែកមួយនៃក្រុមនោះ អ្នកប្រាកដជា​ក្លាយជាប្រធានបទក្នុងការពិភាក្សារបស់គេជាមិនខាន។ ដើម្បីប្រឈមមុខនឹងបញ្ហាបែបនេះ រឿង​តែមួយគត់ដែលអ្នកត្រូវធ្វើគឺ ធ្វើមិនដឹងមិនលឺ។

១១. ត្រូវមានគំនិតសុទិដ្ឋិនិយម

វាជាមធ្យោបាយដ៏សមហេតុផលមួយក្នុងការដោះស្រាយជាមួយនឹងមនុស្សដែលគួរអោយធុញ។ ព្យាយាមរកវិធីសាស្ត្រក្នុងការលើកលែងទោស និងគិតតែរឿងវិជ្ជមានចំពោះគ្រប់បញ្ហាទាំងអស់។ វាជារឿងដែលអាចទៅរួចដែលមនុស្សដែលអ្នកគិតថាគួរអោយរំខាន គឺកំពុងតែធ្វើរឿងណាមួយ​ដោយមិនានតាំងចិត្ត។ ប្រហែលជាគេមិនបានដឹងថាវាបានធ្វើអោយប៉ះពាល់ដល់អ្នកនោះទេ។ ធ្វើមិនដឹងមិនលឺទៅ ហើយផ្តោតអារម្មណ៍លើការងាររបស់អ្នកវិញ។ ត្រូវចាំថា អ្នកមកទីនេះគឺមាន​គោលបំណងច្បាស់លាស់។ កុំអោយការគិតអវិជ្ជមានរុញច្រានអ្នកចេញពីគោលដៅរបស់អ្នក​អោយ​សោះ។

១២. ពិភាក្សាពីបញ្ហាតាមវិធីបើកចំហរ

ជាញយដង មិត្តរួមការងារតែងតែព្យាយាមនិយាយលឺៗនៅក្នុងម៉ោងការងារ។ ប្រសិនបើអ្នកមិន​ចង់និយាយអោយចំៗទេ អ្នកអាចលើកយកមកពិភាក្សានៅក្នុងការប្រជុំបុគ្គលិកប្រចាំថ្ងៃ។ នៅទីនោះអ្នកអាចលើកឡើងបញ្ហាដោយចំហរ ដោយគ្មានការចង្អុលអោយចំចំពោះបុគ្គលណា។

១៣. រកជំនួយ

វាជាជម្រើសចុងក្រោយបំផុត នៅពេលដែលការព្យាយាមផ្សេងទៀតមិនបានចេញជាលទ្ធផលផ្លែ​ផ្កា អ្នកគួរតែពិភាក្សាជាមួយនឹងអ្នកគ្រប់គ្រង ឬនរណាម្នាក់ដែលមានសមត្ថកិច្ចនៅក្នុង​ការិយាល័យ។ នៅពេលដែលអ្នកនិយាយជាមួយនឹងអ្នកគ្រប់គ្រងរបស់អ្នកពីបញ្ហានេះ អ្នកត្រូវតែមានការលើកឡើងអោយបានច្បាស់លាស់ពីមធ្យោបាយក្នុងការដោះស្រាយរឿងនេះ គឺ​កំពុងតែចង្អុលបង្ហាញពីផលិតភាពរបស់អ្នក។ ប្រសិនបើអ្នកជោគជ័យក្នុងការនិយាយជាមួយពួកគេ។ វាជារឿងដែលល្អបំផុត។ ប៉ុន្តែប្រសិនបើ​និយាយហើយមិនបានទទួលនូវការផ្លាស់ប្តូរអ្វីសោះ ប្រហែលជាដល់ពេលដែលអ្នកត្រូវរកការងារថ្មីហើយ។

សូមចុចទីនេះដើម្បីចូលអានប្រភពដើមជាភាសាអង់គ្លេស។
Sok Phalla

Sok Phalla

No comments:

Post a Comment

Powered by Blogger.